គន្លឺះខ្លះៗ​ផ្តល់​ជូនប្អូនៗ​ដែល​ចង់​ដាក់​ពាក្យ​អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសពីកញ្ញា រចនា

,

កញ្ញា ង៉ែត រចនា គឺជានិស្សិតដែលបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេស និង ព័ត៌មានវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាក៏ធ្លាប់ជាអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលអាមេរិក Global UGRAD ផងដែរ។ សព្វថ្ងៃ រចនា កំពុងសិក្សាកំរិតអនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា ជាពិសេស ជំនាញវិភាគទិន្ន័យ (Data Analysis) នៅក្នុងសាកលវិទ្យាល័យ ក្យូតូ (Kyoto) នៃប្រទេសជប៉ុន តាមរយៈអាហារូបករណ៍ MEXT របស់រដ្ឋាភិបាលជប៉ុន។

តើរចនាមានគន្លឺះអ្វីខ្លះដើម្បីផ្តល់ជូនប្អូនៗដែលចង់ដាក់ពាក្យអាហារូបករណ៍?

១. ត្រូវរៀបចំសំរាប់ដាក់ពាក្យអាហារូបករណ៍ផ្សេងៗ។ ពេលបានរៀបចំខ្លួន ហើយគួបផ្សំនឹងឱកាសផ្តល់ឲ្យទៀត ត្រូវម៉ាច់ហើយ។ មិនបាច់ខ្វល់ច្រើន ដាក់តែម្តង។ បើអត់បានរៀបចំ ឱកាសនឹងកន្លងផុតបាត់។ អាហារូបករណ៍ជាប្រភេទអ្វី ហើយយើងចង់បានអាហារូបករណ៍ប្រភេទអ្វី ដើម្បីត្រូវត្រៀមខ្លួនអោយហើយ។ ឧទាហរណ៍ ចង់បានកម្មវិធីផ្លាស់ប្តូរសិក្សាទៅអាមេរិច តើយើងត្រូវមានពិន្ទុ GPA ខ្ពស់រឺអត់ ត្រូវការភាសាអង់គ្លេសខ្ពស់អត់ ត្រូវមានបទពិសោធន៍ការងារសង្គមអត់?

២. ត្រូវមានការតាំងចិត្តអោយបាន១០០% ព្រោះបើយើងចង់បានអាហារូបករណ៍ ប៉ុន្តែយើងខំបានតែ ៣០% គឺយើងមិនអាចទៅរួចនោះទេ។ កុំគិតថាយើងមិនពូកែដូចគេ។ បើយើងមានការតាំងចិត្តខ្ពស់ យើងមានឱកាសស្មើនឹងគេដែលពូកែ។ យើងគួរគិតអំពីឃ្លាមួយរបស់លោក អាល់បឺត អេនស្តាន (Albert Einstein) ថា ទេពកោសល្យជាកត្តា១% រីឯការខិតខំប្រឹងប្រែង គឺជាកត្តា៩៩% នៃភាពជោគជ័យ។

៣. យើងត្រូវមានទំនាក់ទំនងអោយបានច្រើន ដូចជាស្គាស់អ្នកដែលបានជាប់អាហារូបករណ៍ ដើម្បីឲ្យពួកគាត់ចែករំលែកបទពិសោធន៍ និងគន្លឹះក្នុងការដាក់ពាក្យ។ ការស្គាស់មនុស្សកាន់តែច្រើននៅពេលដែលគេចែករំលែកម្នាក់មួយម៉ាត់ៗ យើងអាចទទួលបានច្រើន។ មិនមែនមានន័យថា សួរគេហើយចម្លងពីគេនោះទេ។ យកបទពិសោធន៍គេមកប៉ាន់ស្មានសមត្ថភាពខ្លួនឯង។ អញ្ចឹងបានន័យថា យើងមានរបស់គេហើយ គួបផ្សំជំនាញខ្លួនឯងទៀត ធ្វើអោយយើងអាចធ្វើបានល្អជាងគេទៅទៀត។ ត្រូវចាំថា អ្នកដែលជោគជ័យមិនខ្លាចនឹងចែករំលែកនោះទេ ប៉ុន្តែគួរចេះរបៀបនៃការសួរ ជៀសវាងកុំសួរសំនួរផ្ទាល់ខ្លួនរបស់គេពេក។

៤. យើងត្រូវតែចង់រៀនរហូត (Remain Curious)។ បើមិនមានការចង់ចេះចង់ដឹងនោះទេ យើងគ្មានការអភិវឌ្ឍនោះទេ ហើយអាហារូបករណ៍សាកសមនឹងមនុស្សដែលចេះអង្កេត បញ្ហាថ្មីៗដើម្បីធ្វើការស្រាវជ្រាវនូវអ្វីដែលយើងឆ្ងល់។ ជាពិសេសត្រូវមានជំនាញត្រិះរិះ (Critical Thinking).

៥. ពេលយើងមានបទពិសោធន៍សង្គមច្រើន យើងនឹងមានជំនាញទន់ (Soft Skills)។ ការប្រឡូកក្នុងការងារសង្គមធ្វើអោយយើងចេះជំនាញការដឹកនាំ ការទំនាក់ទំនង និងបង្កើតទំនាក់ទំនង។ ចូរកុំគិតថាទាល់តែត្រូវជំនាញ ទើបត្រូវធ្វើការងារសង្គម រឺស្ម័គ្រចិត្ត ហើយកុំគិតថាត្រូវធ្វើវាដើម្បីតែអាហារូបករណ៍។ គួរសួរខ្លួនឯងថាបានអ្វីមកវិញ បន្ទាប់ពីធ្វើការងារសង្គម។

ប្រភព៖ Ahladang