ចំណុចសំខាន់ៗដែលប្អូនៗត្រូវគិត មុនជ្រើសរើសមុខជំនាញសិក្សានៅសកលវិទ្យាល័យ

,

សំរាប់ប្អូនៗដែលទើបតែប្រលងបញ្ចប់កំរិតមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ ជំហ៊ានបន្ទាប់ប្អូនៗច្បាស់ជាមានបញ្ហាឈឺក្បាលជាមួយការជ្រើសរើសមុខជំនាញសិក្សានៅសកលវិទ្យាល័យជាក់ជាមិនខានទ្បើយ។ ការសំរេចចិត្តជ្រើសរើសជំនាញសិក្សាដែលត្រឹមត្រូវមួយគឺជារឿងសំខាន់ និងប៉ះពាល់លើជោគវាសនានៃភាពជោគជ័យរបស់អ្នកនៅថ្ងៃអនាគត។

កញ្ញា បុប្ផាភួង

ខាងក្រោមនេះជាគន្លឹះជំនួយដល់ប្អូនៗក្នុងការជ្រើសរើសមុខជំនាញសិក្សានៅសកលវិទ្យាល័យឲ្យបានត្រឹមត្រូវ៖

១) មុខជំនាញដែលអ្នកចាប់អារម្មណ៍

ប្រមូល និង រៀបជាតារាងនៃមុខជំនាញដែលអ្នកពេញចិត្ត ជាមួយនិងវគ្គសិក្សារបស់ជំនាញទាំងនោះ។ ស្វែងរកមុខវិជ្ជាដែលអ្នកចាប់អារម្មណ៍បំផុតកំលុងពេលសិក្សានៅវិទ្យាល័យ ព្រមទាំងអាជីពការងារដែលអ្នកចង់ធ្វើ។

២) ស្វែងរកពត៌មានអំពីការសិក្សា

អ្នកអាចស្វែងរកពត៏មានអំពីវគ្គសិក្សា ឫគ្រឹះស្ថានសិក្សាតាមរយះ អីនធឺណេត កាសែត ទូរទស្សន៍ ជាពិសេសនោះគឺសិស្សច្បង ដែលជាប្រភពផ្តល់ឲ្យអ្នកនូវពត៏មានពិតប្រាកដបាន។ ស្វែងរកពត៏មានតាម អនទ្បាញ អំពីវគ្គសិក្សា និង អាជីពដែលត្រូវធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។ សាកសួរដោយផ្ទាល់ជាមួយសាស្ត្រាចារ្យ ឫ អ្នកធ្វើការអាជីពលើជំនាញទាំងនោះ។

៣) ឈ្វេងយល់ឲ្យច្បាស់អំពីវគ្គសិក្សាដែលអ្នកនឹងជ្រើសរើស

ដើម្បីជៀសវាងកំហុសឆ្គង អ្នកត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់អំពីវគ្គសិក្សាដែលអ្នកនឹងសំរេចចិត្តចុះឈ្មោះរៀន។ អ្នកគួរពិនិត្យមើលមុខវិជ្ជាដែលត្រូវសិក្សា និងប្រភេទនៃការរៀន កិច្ចការដែលសាស្ត្រាចារ្យនឹងដាក់ឲ្យធ្វើ និងកិច្ចការប្រលងដែលនឹងត្រូវប្រតិបត្តិ។

៤) គុណភាពនៃសកលវិទ្យាល័យ

បើអ្នកជ្រើសរើសសកលវិទ្យាល័យមួយដើម្បីរៀន មិនគួរផ្តល់ភាពសំខាន់ទៅលើតែវគ្គសិក្សារបស់សាលាមួយមុខនោះទេ អ្នកគួរធ្វើការប្រៀបធៀបវគ្គសិក្សាទាំងនោះជាមួយសាលាផ្សេងៗ ដើម្បីឲ្យប្រាកដថាអ្នកបានជ្រើសរើសត្រូវ។ បើសិនជាអាច អ្នកគួរទៅសាលានោះដោយផ្ទាល់ឫ ចូលរៀនសាកល្បងជាមួយសាស្ត្រាចារ្យដើម្បីដឹងពីអារម្មណ៍ខ្លួនអ្នកផ្ទាល់ជាមួយវគ្គសិក្សាទាំងនោះ។

៥) រយះពេលនៃវគ្គសិក្សា

ដើម្បីឲ្យប្រាកដថាអ្នកនឹងផ្តាច់ញ៉ាជាមួយការសិក្សារបស់អ្នក អ្នកត្រូវដឹងនូវរយះពេលដែលអ្នកត្រូវចំនាយសំរាប់វគ្គសិក្សារបស់អ្នក។ សិក្សាពីរជំនាញ ពេញម៉ោង ឫក្រៅម៉ោង អាស្រ័យលើការសំរេចចិត្តរបស់អ្នក ប៉ុន្តែអ្នកត្រូវច្បាស់ថាអ្នកអាចគ្រប់គ្រង និងបែងចែកពេលវេលាសិក្សារបស់អ្នកបាន។

៦) លក្ខ័ណ្ឌនៃការចុះឈ្មោះចូលរៀន

សាកលវិទ្យាល័យខ្លះទាមទារសិស្សដែលមានលំដាប់ពិន្ទុខ្ពស់ ឬសិស្សដែលមាននិទេ្ទស្សន៍ល្អ ទើបមានសិទ្ធិចុះឈ្មោះចូលរៀនបាន ហើយក៏មានសកលវិទ្យាល័យខ្លះធ្វើការប្រលងជ្រើសរើសិស្សចូលរៀនទៀតផង។ ឧទាហរណ៍សកវិទ្យាល័យមួយចំនួនដូចជា សកលវិទ្យាភូមិន្ធភ្នំពេញ(មុខជំនាញ IT) វិទ្យាស្ថានភាសាបរទេស វិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាដើម សុទ្ធតែទាមទារសិស្សដែលមានសមត្ថភាពគ្រាន់បើទើបអាចចូលសិក្សាបាន។ ដូចនេះអ្នកត្រូវថ្លឹងថ្លែងមើលសមត្ថភាពរបស់អ្នកមុនសំរេចចិត្តចុះឈ្មោះចូលរៀន។

៧) ថ្លៃសិក្សា

ចំពោះថ្លៃសិក្សាគឺសំខាន់។ អ្នកគួរស្វែងរកសកលវិទ្យាល័យណាដែលសមគួរ និងមានតម្លៃសិក្សាដែលអាចទ្រទ្រង់បាន។ និងមិនគួរព្រោះតែតម្លៃសិក្សា ធ្វើឲ្យអ្នកជ្រើសរើសសាលាដែលមិនធានាបាននូវគុណភាព និងអាជីពនាថ្ងៃអនាគតរបស់អ្នកទ្បើយ។

៨) ឱកាសការងារ

ឱកាសការងារគឺជាចំនុចសំខាន់បំផុតដែលនិសិ្សតគ្រប់រូបត្រូវពិចារណា។ ដូចនេះបើជ្រើសរើសវគ្គសិក្សា អ្នកត្រូវក្រលេកមើលឱកាសទីផ្សាការងារសំរាប់ជំនាញនោះថាតើទូលំទូលាយ ឫតូចចង្អៀត។ ពិចារណាទៅលើ ប្រាក់បៀវត្តន៍ សុវត្ថិភាពការងារ សំពាធ ទំនួលខុសត្រូវ និងអត្ថប្រយោជន៍ផ្សេងៗទៀត៕

យល់ដឹង