កំពង់​ផែ​ថ្មី នៅ​ក្នុង​​ទឹក​ដី​ខេត្ត​កំពត​នឹង​ត្រូវ​ចាប់​ដំណើរ​ការ​សាងសង់​នៅ​ក្នុង​ខែ​មីនា​ឆ្នាំនេះ​

,

ក្រោយ​ដំណើរ​ការ​នៃ​ការ​ដាក់​ដេញ​ថ្លៃ​លើ​គម្រោង​សាង​សង់​កំពង់​ផែ​ថ្មី​នៅ​ក្នុង​ខេត្ត​កំពត​ត្រូវ​បាន​បញ្ចប់ ពេល​នេះ​កំពង់​ផែ​ថ្មី​ដែល​នឹង​ផ្ដល់​ជា​ទីតាំង​សម្រាប់​នាវា​ទេសចរណ៍​មួយ​នេះ​ នឹង​ត្រូវ​បើក​ដំណើរ​ការ​សាង​សង់​នា​ខែ​មីនា​ខាង​មុខ​នេះ​ហើយ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ទេសចរណ៍​ខេត្ត​កំពត។

គម្រោង​កំពង់​ផែ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត មួយ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​សាង​សង់​ជាមួយ​នឹង​ថវិកា​ដែល​ជា​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ហៅ​កាត់ ADB)។

បើ​តាម​ប្រសាសន៍​របស់​លោក សយ​ ស៊ីណុល ប្រធាន​នាយកដ្ឋាន​ទេសចរណ៍​ប្រចាំ​ខេត្ត​កំពត​បាន​លើក​ឡើង​ថា គម្រោង​ដ៏​អស្ចារ្យ​មួយ​នេះ នឹង​ចាប់​ដំណើរ​ការ​នៅ​រយៈពេល​ពីរ​ខែ​ខាង​មុខ​នេះ​ហើយ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​បញ្ចប់​បាន​នៅ​ចុង​ឆ្នាំ ២០១៩។ លោក​ស៊ីណុល​បាន​បន្ថែម​ទៀត​ថា កំពង់​ផែ​ថ្មី​នេះ​នឹង​អាច​មាន​លទ្ធភាព​សម្រួល​ដល់​ការ​ចូល​ចត​របស់​នាវាធំៗ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចាប់​ពី​ ២០០​នាក់​ទៅ​ដល់​៣០០​នាក់ ​ដែល​នឹង​ធ្វើ​ការ​បម្រើ​ជូន​ភ្ញៀវទេសចរណ៍​ជាតិ​និង​អន្តរជាតិ ចំនួន​ប្រហែល​មួយ​ពាន់​នាក់​ជា​រៀង​រាល់​ថ្ងៃ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ។ លោក​ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា វា​ក៏​នឹង​ប្រើប្រាស់​ដើម្បី​ការ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា ដែល​នឹង​ជួយ​ពង្រឹង​លំហូរ​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​សមុទ្រ​បាន​ផង​ដែរ។

កំពង់​ផែ​ថ្មី​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​បម្រើ​និង​ផ្ដល់​ជាសេវាកម្ម​ដឹក​ជញ្ជូន​ទៅ​ដល់​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ប្រហែល​ជា ៣៦០.០០០នាក់​ នៅ​ពេល​ដែល​វា​សម្ភោធ​នៅ​ក្នុង​ឆ្នាំ ២០១៩ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​រហូត​ដល់ ៤៤២.០០០​នាក់​នៅ​ក្នុង​ឆ្នាំ ២០២២ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​ធនាគារ ADB។

កំពង់​ផែ​ថ្មី​នេះ នឹង​ធ្វើ​ការ​រួម​ចំណែក​ជួយ​ទៅ​ដល់​មុខរបរ​ក៏​ដូច​ជា​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ​ជាង ៣៧៥​កន្លែង ដោយ​រួម​មាន​ទាំង​ពាណិជ្ជកម្ម​ខ្នាត​តូច​និង​ខ្នាត​ធំ ដែល​មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​កំពង់​ផែ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៧​កន្លង​ទៅ ខេត្ត​កំពត​បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរណ៍​ចំនួន​ប្រមាណ ១,៦​លាន​នាក់ ដោយ​រួម​មាន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត៕

ប្រភព៖ ចំណេះ