ឥទ្ធិពល​នៃ​ពាក្យ​សម្ដី​វិជ្ជមាន

,

អ្នក​ត្រូវ​ដឹង​ថា ខ្លួន​អ្នក​អាច​ឈាន​មក​ដល់​ចំណុច​នេះ​បាន​ មូល​ហេតុ​មួយ​ផ្នែក​នោះ​គឺ ដោយ​សារ​តែ​ពាក្យ​សម្ដី​ដែល​អ្នក​និយាយ​ចេញ​មក​ខាង​ក្រៅ​ ពាក់ព័ន្ធ​នឹង​ខ្លួន​ឯង។ ពាក្យ​សម្ដី​ដែល​ហូរ​ចេញ​មក ពី​បបូរមាត់​របស់​មនុស្ស​ម្នាក់ៗ គឺ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​យ៉ាង​ដូច្នោះ​ដែរ ពី​ព្រោះ​រាល់​ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​មក​ក្រៅ គឺ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​នោះ។ ដូច្នេះ​សូម​ចងចាំ​ថា រាល់​ពាក្យ​សម្ដី​ដែល​អ្នក​និយាយ​ចេញ​មក គប្បី​ជា​រឿង​ដែល​វិជ្ជមាន ពី​ព្រោះ​វា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត ហើយ​ថ្ងៃ​ណា​មួយ​វា​ពិត​ជា​អាច​កើត​ឡើង​ប្រាកដ​មែន។ ហើយ​បើ​ទោះ​ជា​អ្នក​ បាន​ចាប់​អារម្មណ៍​ឬ​មួយ​ក៏​អត់​ក៏​ដោយ រាល់​ពាក្យ​សម្ដី​របស់​អ្នក​ ​វា​គឺ​ជា​ការ​ព្យាករណ៍​មួយ​ ដែល​អ្នក​បាន​ជ្រើសរើស​អោយ​ជីវិត​របស់​ខ្លួន ដោយ​អ្នក​ទាំង​មិន​បានដឹង​ខ្លួន។

កញ្ញា ស្រីរ័ត្ន

ដូច​ដែល​បាន​រៀប​រាប់​ពី​ខាង​លើ​មក​ហើយ ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​ចំណុច​នេះ​ដើម្បី​ជា​ប្រយោជន៍ ទៅ​ដល់​ការ​រស់​នៅ​និង​ជីវិត​របស់​ខ្លួន ដោយ​ឧស្សាហ៍​និយាយ​ប្រាប់​ខ្លួន​ឯង​ជា​វិជ្ជមាន​ថា «អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​សំណាង​បំផុត» «អ្នក​គឺ​ជា​មនុស្ស​ដែល​ក្លាហាន»​ «អ្នក​គឺ​ជា​មនុស្ស​ដែល​ស្អាត» «នៅ​ថ្ងៃ​អនាគត​អ្នក​ពិត​ជា​អាច​សម្រេច​គោល​ដៅ​ខ្លួន​បាន» «អ្នក​ពិត​ជា​អាច​ដោះ​ស្រាយ​បំណុល​និង​បញ្ហា​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន» ជាដើម​។ល។ រាល់​ពាក្យ​សម្ដី​ទាំង​អស់​នេះ គឺ​មិន​មែន​ដើម្បី​តែ​លើក​ទឹកចិត្ត និង​គិត​ជា​វិជ្ជមាន​ត្រឹម​ប៉ុណ្ណឹង​ទេ ក៏​ប៉ុន្តែ​វា​គឺ​បាន​បង្ហាញ​ថា អ្នក​កំពុង​តែ​ធ្វើ​ការ​ព្យាករណ៍​ពី​លទ្ធភាព និង​ជ័យ​ជំនះ​របស់​ខ្លួន​ទៅ​លើ​រាល់​គ្រប់​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ក្នុង​ជីវិត បាន​ជាមុន​រួច​ទៅ​ហើយ ហើយ​បើ​ទោះ​ជា​បញ្ហា​ធំ​ប៉ុណ្ណា​ក៏​មិន​អាច​ធ្វើ​អោយ​អ្នក​រង្គោះ​រង្គើ​បាន​ដែរ។

ត្រូវ​ចាំ​ថា ជីវិត​របស់​អ្នក​ គឺ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​តាម​ពាក្យ​សម្ដី​ដែល​អ្នក​និយាយ​ចេញ​មក​ខាង​ក្រៅ ក៏​ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគ​ច្រើន (ស្ទើរ​តែ​៩០%​នៅ​លើ​ពិភពលោក​នេះ)​ ពួក​គេ​បែរ​ជា​ចូល​ចិត្ត​និយាយ​នូវ​ពាក្យ​សម្ដី​អវិជ្ជមាន ដែល​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ជីវិត ហើយ​និង​ការ​រស់​នៅ​របស់​ខ្លួន​ទៅ​វិញ។ មនុស្ស​ទាំង់​អស់​នោះ​ចូល​ចិត្ត​និយាយ​ប្រយោគ​ដូច្នេះ​ថា «ជីវិត​របស់​ខ្ញុំ​គ្មាន​ក្ដី​សុខ​សោះ» «ខ្ញុំមិន​អាច​ហាត់​ប្រាណ​ដើម្បី​សម្រក​ទំងន់​បាន​សោះ» «មុខជំនួញ​របស់​ខ្ញុំ​ហាក់​មិន​ទៅ​មុខ​ទាល់​តែ​សោះ» «ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើ​ការ​អោយ​កំពុង​មាន​បញ្ហា ខ្ញុំ​ខ្លាច​តែ​ត្រូវ​បញ្ឈប់​ពី​ការ​ងារ​ទេ» ជាដើម​។ល។ អ្វី​ដែល​ពួក​គេ​ភ្លេច​ខ្លួន​មិន​បាន​ចាប់​អារម្មណ៍​នោះ​គឺ ខ្លួន​គឺ​កំពុង​តែ​ព្យាករណ៍​ពី​ការ​បរាជ័យ​រួច​ជា​ស្រេច​ទុក​មុន​ទៅ​ហើយ។ អ្វី​ដែល​ពួក​គេ​និយាយ វា​ប្រៀប​បី​ដូច​ជា​ការ​ហៅ​រឿង​អាក្រក់ៗ​ទាំង​អស់​នោះ អោយ​ចូល​មក​ក្នុង​ជីវិត​យ៉ាង​អញ្ចឹង​ដែរ​។

សូម​ចង​ចាំ​ថា «ពាក្យ​សម្ដី​ គឺ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​រុក្ខជាតិ​យ៉ាង​ដូច្នោះ​ដែរ» នៅ​ពេល​ដែល​អ្នក​និយាយ វា​ប្រៀប​បី​ដូច​ជា​អ្នក​កំពុង​តែ​ធ្វើ​ការ​សាប​ព្រួស​គ្រាប់​ពូជ​ទាំង​នោះ​ដូច​គ្នា​ ហើយ​នៅ​ពេល​ណា​មួយ​នាអនាគត​ អ្នក​នឹង​ត្រូវ​បរិភោគ​នូវ​ផ្លែ​ឈើ​ដែល​អ្នក​ទទួល​បាន​ពី​ការ​សាប​ព្រួស​ គ្រាប់​ពូជ​ទាំង​អស់​នោះ​វិញ​ជាក់​ជា​មិន​ខាន។ ដូច្នេះ​ហើយ​ ចំណេះ សូម​ណែនាំ​អោយ​ប្រិយមិត្ត​ធ្វើ​ការ​សាប​ព្រួស​នូវ​គ្រាប់​ពូជ​ ឬ​ដាំ​ដើម​ឈើ​ទាំង​ឡាយ​ណា ដែល​ប្រិយមិត្ត​ចង់​ទទួល​ទាន​តែ​ប៉ុណ្ណោះ។​ ជាឧទាហរណ៍ ប្រសិន​បើ​ប្រិយមិត្ត​ចង់​បរិភោគ​ផ្លែ​ប៉ោម ប្រិយមិត្ត​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ដាំ​ដើម​ប៉ោម ហើយ​បើ​ប្រិយមិត្ត​ចង់​ញ៉ាំ​ផ្លែ​ក្រូច​ប្រិយមិត្ត​ត្រូវ​ដាំ​ដើម​ក្រូច​ដូច​គ្នា​ដែរ មិន​មែន​ប្រិយមិត្ត​ចង់​ញ៉ាំ​ក្រូច តែ​បែរ​ជា​ទៅ​ដាំ​ដើម​មៀន ឬ​ដើម​ចេក​ទៅ​វិញ​នោះ​ទេ។

យោង​តាម​ឧទាហរណ៍​ខាង​លើ​នេះ បាន​បង្ហាញ​ថា​នៅ​ពេល​ដែល​ប្រិយមិត្ត​ដាំ​ដើម​អ្វី នោះ​ជា​លទ្ធផល​ប្រិយមិត្ត​នឹង​ទទួល​បាន​ផ្លែ​ឈើ​ប្រភេទ​នោះ​មក​ញ៉ាំ ចំណុច​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​របស់​អ្នក​អញ្ចឹង «រូប​អ្នក​គឺ​មិន​អាច​មាន​លទ្ធភាព​រស់នៅ​ ក្នុង​ជីវិត​ដែល​វិជ្ជមាន​បាន​ទេ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​និយាយ​តែ​ពី​រឿង​ដែល​អវិជ្ជមាន​ និង​គ្មាន​បាន​ការ​ច្រើន​» «អ្នក​គឺ​ពិត​ជា​មិន​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត​ឡើយ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​តែ​និយាយ​ពី​ការ​បរាជ័យ» ហើយ «អ្នក​ពិត​ជា​មិន​អាច​ទទួល​បាន​ភាព​រីក​ចម្រើន​នោះ​ទេ បើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​និយាយ​គឺ​ការ​ខ្វះខាត​តែ​មួយ​មុខ​នោះ​»។ ត្រូវ​ចាំ​ថា​ប្រសិន​បើ​អ្នក​ចូល​ចិត្ត​និយាយ​សម្ដី​បរាជ័យ នោះ​ជីវិត​របស់​អ្នក​នឹង​បរាជ័យ​ដូច​គ្នា​ដែរ។

ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​ ឬ​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​ណាមួយ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ប្រហែល​ជា​ត្រូវ​ដល់​ពេល​ហើយ ដែល​អ្នក​ត្រូវ​សាបព្រួស ឬ​ដាំ​ដើមឈើ​ដែល​បំពេញ​អោយ​ចន្លោះ​ខ្វះខាត​ទាំង​នោះ។ ឧស្សាហ៍​និយាយ​នូវ​ពាក្យ​សម្ដី​វិជ្ជមាន ចេញ​ពី​មាត់​របស់​អ្នក​អោយ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ផ្លាស់​ប្ដូរ​ពី​ការ​សាប​ព្រួស​គ្រាប់​ពូជ​បរាជ័យ ជំនួស​ដោយ​ការ​សាប​ព្រួស​គ្រាប់​ពូជ​ជោគជ័យ​វិញ​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជីវិត​រស់​នៅ​របស់​ខ្លួន អោយ​ដើរ​ទៅ​តាម​ផ្លូវ​ជោគជ័យទាំង​អស់​គ្នា៕

ដៃគូផ្សព្វផ្សាយ៖ ចំណេះ

ឃ្លាំងគំនិត ទស្សនៈជីវិត យល់ដឹង សហគ្រិនវ័យក្មេង