៨) ពួកគេគ្មានប្រាក់សន្សំ ឬមិនបានរៀបចំប្រាក់ទុកបម្រុងខ្លះទាល់តែសោះ
ភាពខុសគ្នាមួយ រវាងអ្នកមាននិងអ្នកក្រនោះគឺ អ្នកក្រមិនបានត្រៀមលក្ខណៈទុកជាមុនសម្រាប់អនាគតនោះទេ។ ប្រិយមិត្តត្រូវតែដឹងថា ការដែលមានប្រាក់ទុកបម្រុងខ្លះ គឺជាផ្នែកមួយដែលអនុញ្ញាតិអោយអ្នក រីកចម្រើនទៅមុខបន្តទៅទៀតបាន។ ជាឧទាហរណ៍ ប្រសិនបើជីវិតរបស់អ្នកជួបនឹងបញ្ហា ដូចជាជំងឺដង្កាត់ ការបាត់បង់ការងារ ឬគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើប្រិយមិត្តមានប្រាក់ដែលទុកបម្រុង នោះអ្វីៗគ្រប់យ៉ាងគឺអាចដោះស្រាយបានដោយយកប្រាក់ទាំងនោះទៅប្រើប្រាស់ ប៉ុន្តែប្រសិនបើប្រិយមិត្តគ្មានប្រាក់ទុកសម្រាប់បម្រុងវិញ ហើយស្ថានភាពគឺបន្ទាន់ថែមទៀតនោះ តើប្រិយមិត្តត្រូវធ្វើបែបណា? អ្វីដែលប្រិយមិត្តអាចធ្វើបាននោះ គឺធ្វើការដាក់លក់ទ្រព្យសម្បត្តិរបស់ខ្លួនក្នុងតម្លៃទាប ឬត្រូវទៅខ្ចីប្រាក់ពីធនាគារ និងអ្នកចងការទាំងបង្ខំចិត្ត។
នេះហើយជាភាពខុសគ្នា សម្រាប់អ្នកមាននៅពេលដែលបញ្ហាបានរំលងផុតទៅ ពួកគេនៅតែអាចបន្តជីវិតរស់នៅរបស់ខ្លួនបានជាធម្មតា ហើយអ្វីដែលពួកគេបាត់បង់នោះគឺគ្រាន់តែជាប្រាក់សន្សំប៉ុណ្ណោះ ប៉ុន្តែបើងាកទៅមើលអ្នកក្រីក្រវិញ ជីវភាពរស់នៅរបស់ពួកគេគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយពេលវេលានឹងប្រាក់ដែលពួកគេរកបាន ត្រូវបង់រំលស់សងទៅអ្នកដែលពួកគេជំពាក់វិញទាំងដើមទាំងការ។
ឧទាហរណ៍ខាងលើអាចថាអវិជ្ជមានខ្លាំងពេក បើអញ្ចឹងសាកគិតពីឧទាហរណ៍ដែលវិជ្ជមានវិញម្ដង ឧបមាថាមានឱកាសក្នុងការវិនិយោគ ដែលល្អមួយបានចូលមកដល់ អាចថាជាការចូលហ៊ុនបើកក្រុមហ៊ុន ឬជាឱកាសក្នុងការទិញបានអចលនទ្រព្យមួយកន្លែងក្នុងតម្លៃសមរម្យ។ ចំពោះឧទាហរណ៍ថ្មីនេះ សម្រាប់អ្នកដែលមានប្រាក់សន្សំនិងបម្រុងទុក ពួកគេអាចមានលទ្ធភាពធ្វើការពង្រីកនូវឱកាស ក៏ដូចជាជីវភាពរស់នៅរបស់ខ្លួនបាន ខណៈសម្រាប់អ្នកដែលគ្មានប្រាក់សន្សំទុកវិញ ត្រូវធ្វើការបោះបង់នូវឱកាសដ៏កម្រនេះចោល ទាំងសោកស្ដាយ។
ឧទាហរណ៍ទាំងពីរខាងលើនេះហើយ គឺជាមូលហេតុដ៏ច្បាស់លាស់មួយដែលបង្ហាញនូវចំណុចដែលថា អ្នកដែលមានគឺកាន់តែមាន ចំណែកឯអ្នកដែលក្រគឺកាន់តែក្រ ហើយវាគឺពិតជាមិនមែនកំហុសរបស់នរណាម្នាក់ទេ។
៩) ពួកគេចូលចិត្តចំណាយប្រាក់ ឬប្រើឥណទានទៅធ្វើរឿងឥតប្រយោជន៍ និងទិញរបស់ដែលខ្លួនមិនសូវត្រូវការចាំបាច់
ចំណុចខុសគ្នាធំបំផុតមួយ រវាងអ្នកមាន និងអ្នកក្រ នោះគឺវិធីនៅក្នុងការចំណាយប្រាក់របស់ពួកគេ។ ចំណុចនេះប្រិយមិត្តមួយចំនួន ពិតជាអាចប៉ានស្មានបានត្រូវមុនថា ចំណេះ ចង់និយាយពីអ្វី។
ត្រង់នេះវាគឺពិតជាចំណុចធម្មតាមួយបំផុត អ្នកមានៗ និងមនុស្សជោគជ័យម្នាក់ណាក៏ដឹងដែរថា ប្រសិនបើយើងយកប្រាក់ដែលមាន ឬប្រើឥណទាន ហើយយកទៅចំណាយទៅលើអ្វីមួយដែលមិនបាន ចំណេញប្រាក់មកអោយយើងវិញទេ នោះជាការវិនិយោគមួយ ដែលខាតបង់ដ៏ធ្ងន់ធ្ងរបំផុត។
ប្រិយមិត្តត្រូវចងចាំថា ប្រសិនបើប្រិយមិត្តចង់ប្រើឥណទាន (ការខ្ចី ឬចងការប្រាក់) ប្រិយមិត្តដាច់ខាតត្រូវតែប្រើទៅលើការវិនិយោគ (ដែលផ្ដល់ជាប្រាក់ត្រលប់មកវិញ) តែមួយមុខប៉ុណ្ណោះ។ ប្រសិនបើប្រិយមិត្តចង់ប្រើឥណទាន ទៅទិញទូរទស្សន៍ស៊េរីទំនើបថ្មី ទៅទិញឡានថ្មី ឬទៅទិញទូរស័ព្ទ iPhone ថ្មីនោះ ដាច់ខាតប្រិយមិត្តកុំសូម្បីតែគិត។ បើទោះបីជារបស់ថ្មីទាំងនោះ អាចអនុញ្ញាតិអោយប្រិយមិត្តយកមកប្រើដើម្បីបង្កើតប្រាក់ត្រលប់មកវិញបាន ឧទាហរណ៍ថាប្រិយមិត្តយករថយន្ដមករត់តាក់ស៊ី ឬយកទូរស័ព្ទ iPhone មកតេស្ដកម្មវិធីទូរស័ព្ទថ្មី ដែលប្រិយមិត្តទើបបង្កើតបាន ដើម្បីពង្រីកមុខជំនួញរបស់ខ្លួនក្ដី អ្វីដែលប្រិយមិត្តគួរធ្វើ គឺខំប្រឹងប្រែងសន្សំប្រាក់អោយបានគ្រប់គ្រាន់ ដើម្បីទិញរបស់ទាំងនោះ ដោយមិនប្រើឥណទានទើបជាការប្រសើរ។
១០) ពួកគេឆាប់មានកូនចៅ ហើយបើមានគឺមានក្នុងចំនួនច្រើន
ប្រិយមិត្តដែលមានគ្រួសារ ហើយនិងមានបុត្ររួចថែមទៀតនោះ ប្រាកដជាអាចដឹងយ៉ាងច្បាស់ពីចំនុចនេះ។ ប្រិយមិត្តពិតជាដឹងហើយថា ការចំណាយទៅលើការចិញ្ចឹមកូនម្នាក់ៗក្នុងសម័យនេះ តើវាត្រូវការចំណាយខ្លាំងប៉ុណ្ណា? នេះគឺគិតត្រឹមប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ផង ចុះទម្រាំការចំណាយក្នុងប្រទេសដែលរីកចម្រើនខ្លាំងទៀតនោះ?
ចំណុចនេះហើយជាភាពខុសគ្នា រវាងអ្នកមាននិងអ្នកក្រ។ សម្រាប់អ្នកក្រពួកគេមិនបានគិតគូរ ឬកំណត់គម្រោងការណ៍អោយបានច្បាស់លាស់ ពីពេលវេលា និងចំនួនបុត្រដែលពួកគេចង់បាននោះទេ នៅពេលដែលពួកគេចង់បាន គឺចង់បានភ្លាមដោយមិនបានរៀបចំផែនការ ក៏ដូចជាត្រៀមថវិកាខ្លះទុកជាមុននោះទេ ហើយសម្រាប់គូស្វាមីភរិយាខ្លះទៀតមានកូនទាំងខ្លួននៅក្មេងពេក ទាំងដែលខ្លួនមិនទាន់អាចមានសមត្ថភាពទ្រទ្រង់ជីវភាពខ្លួនឯងអោយបានសមរម្យផង។ នៅពេលដែលកូនកើតមកហើយ ជីវភាពរបស់ពួកគេនឹងកាន់តែជួបបញ្ហា ពីព្រោះបន្ទុកហើយនឹងការចំណាយនៅក្នុងក្រុមគ្រួសារត្រូវកើនឡើងទ្វេរដង។
ផ្ទុយពីអ្នកក្រ សម្រាប់អ្នកមានវិញ ពួកគេរងចាំឱកាសល្អ នឹងប្រឹងប្រែងអោយជីវភាពរបស់ខ្លួន ដំណើរការទៅមុខបានសមរម្យជាមុនសិន មុនពេលដែលពួកគេគិតគូរពីគម្រោងយកកូន ពីព្រោះពួកគេចង់អោយអ្នកស្នងត្រកូលរបស់ខ្លួន ទទួលបាននូវបរិស្ថាន និងលក្ខ័ណ្ឌរស់នៅដែលល្អបំផុត មុនពេលដែលពួកគេចាប់កំណើតមកលើផែនដីនេះ។
១១) ពួកគេមិនសូវត្រួតពិនិត្យសុខភាពអោយបានញឹកញាប់នោះទេ
ពីចំណុចខាងលើ យើងបានលើកឡើងពីបញ្ហាសុខភាពប្រាប់ដល់ប្រិយមិត្តម្ដងរួចមកហើយ ថាវាជាចំណុចដែលចាំបាច់ និងសំខាន់កម្រិតណា។
សម្រាប់អ្នកក្រ ពួកគេមិនសូវជាខ្វល់ខ្វាយពីបញ្ហានេះប៉ុន្មានទេ ហើយក៏មិនសូវយកចិត្តទុកដាក់ទៅជួបពិគ្រោះ ជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីតាមដានមើលពីសុខភាពរាងកាយរបស់ខ្លួនអោយបានជាប់លាប់នោះទេ។ ជាឧទាហរណ៍មិនល្អមួយ ប្រសិនបើប្រិយមិត្ត ជួបប្រទះនូវជំងឺកាចសាហាវណាមួយ ឧបមាថាជំងឺមហារីក ហើយប្រសិនបើអ្នកទៅជួបពិគ្រោះជំងឺ ក៏ដូចជាធ្វើការត្រួតពិនិត្យរាងកាយអោយបានជាប់លាប់នោះ នោះលោកអ្នកអាចមានលទ្ធភាពត្រួតពិនិត្យវាឃើញ នៅពេលដែលជំងឺនេះស្ថិតក្នុងដំណាក់កាលដំបូង ហើយលោកអ្នក អាចមានលទ្ធភាពធ្វើការព្យាបាលវាបានទាន់ពេលវេលា ហើយថែមទាំងចំណាយប្រាក់ក្នុងកម្រិតទាបបានថែមទៀតផង។
ប៉ុន្តែផ្ទុយមកវិញ ប្រសិនបើប្រិយមិត្តមានការធ្វេសប្រហេស ឬមិនបានទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យអោយបានជាប្រចាំទេ នោះជំងឺនេះអាចត្រូវបានរកឃើញនៅពេលដែលវាឈានដល់ដំណាក់កាលអាក្រក់រួចទៅហើយ ដែលវានឹងធ្វើអោយរូបអ្នក ហើយនឹងក្រុមគ្រួសារត្រូវចំណាយទ្រព្យធន លុយកាក់យ៉ាងមហាសាល ដើម្បីព្យាបាលវា ហើយក្នុងករណីដែលកាន់តែអាក្រក់ថែមទៀតនោះ ទោះបីជាប្រិយមិត្តមានប្រាក់ច្រើនរាប់មិនអស់ក្ដី ក៏ប្រហែលជាមិនអាចព្យាបាលវាបានជាសះស្បើយថែមទៀតផង។
១២) ពួកគេចូលចិត្តចំណាយប្រាក់ មុនពេលទទួលបានចំណូល
គ្រោះថ្នាក់ធំបំផុតមួយនៅក្នុងជីវិតរស់នៅរបស់មនុស្សនោះគឺ ធ្វើការចំណាយប្រាក់ មុនពេលដែលខ្លួនទទួលបាននូវចំណូល (អាចជាប្រាក់ខែជាដើម។ល។)។ ប្រិយមិត្តត្រូវដឹងថា នៅវិនាទីដែលប្រិយមិត្តចាប់ផ្ដើមខ្ចីប្រាក់ពីអ្នកដទៃ ឬ ចាប់ផ្ដើមចំណាយ ទៅលើរបស់អ្វីមួយ ដោយខ្លួនមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយនោះ នោះជីវិតរបស់ប្រិយមិត្តគឺកំពុងតែដាំក្បាលចុះក្រោមហើយ។ ប្រសិនបើប្រិយមិត្តគ្មានប្រាក់ ក្នុងការចំណាយទេ ហើយរបស់ដែលប្រិយមិត្តចង់បាននោះ គឺមិនមែនជាតម្រូវការចាំបាច់ទេ ចំណេះ សូមធ្វើការណែនាំអោយប្រិយមិត្តធ្វើការរងចាំសិន សូមត្រលប់ទៅបន្តកិច្ចការងាររបស់ខ្លួន ដើម្បីទទួលបានចំណូលសិន ហើយនៅពេលដែលប្រិយមិត្តមានប្រាក់គ្រប់គ្រាន់ សឹមប្រិយមិត្តទិញវាយកមកប្រើ ក៏ប្រហែលជាមិនទាន់យឺតពេលនោះដែរ។
១៣) ពួកគេចូលចិត្តហ៊ុមព័ទ្ធខ្លួនឯង ដោយអ្នកក្រ និងមនុស្សអវិជ្ជមានដទៃទៀត ដែលមានគំនិតដូចជាខ្លួនឯងដែរ
មានពាក្យសំដីមួយឃ្លា ដែលនិយាយថា "អ្នកគឺជាមនុស្សកម្រិតមធ្យម ក្នុងចំណោមមិត្តភក្ដជិតស្និទ ៥នាក់របស់អ្នក"។ ប្រសិនបើអ្នកមានមិត្តភក្ដជិតស្និទ ជាមនុស្សបរាជ័យ គ្មានគំនិតចង់ផ្លាស់ប្ដូររហូតដល់ ៤នាក់នោះ អ្នកប្រហែលជាដឹងច្បាស់ហើយថា នរណាជាមនុស្សបរាជ័យទី៥។
មនុស្សក្រីក្រ និងបរាជ័យជាច្រើន គ្មានទំនោរក្នុងការផ្លាស់ប្ដូរដើម្បីធ្វើអោយជីវភាពរស់នៅ របស់ខ្លួនមានកម្រិតប្រសើរឡើងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេចូលចិត្តសេពគប់ និងចំណាយពេលធ្វើរឿងឥតប្រយោជន៍ជាមួយនឹងមនុស្សដែលមានគំនិតអវិជ្ជមាន ដូចជាខ្លួនទៅវិញ។
ប្រិយមិត្តទាំងអស់ត្រូវចងចាំថា ប្រិយមិត្តគួរតែចំណាយពេលដ៏មានតម្លៃរបស់ខ្លួន ជាមួយនឹងក្រុមមនុស្សដែលលើកទឹកចិត្ត ហើយនឹងជម្រុញយើងអោយធ្វើការផ្លាស់ប្ដូរទៅកាន់ចំណុចវិជ្ជមានប្រសើរជាងមុន និងជាមនុស្សដែលកំពុងតែធ្វើកិច្ចការជោគជ័យផ្ទាល់ខ្លួនរបស់គេផងដែរ។ សូមសម្លឹងមើលភាពជោគជ័យរបស់ពួកគេ ដោយការគោរពនិងការកោតសរសើរ ហើយត្រូវយកវាមកប្រើធ្វើជាកត្តាជម្រុញ និងលើកទឹកចិត្តអោយខ្លួនយើងផ្ទាល់ ប្រឹងប្រែងដើម្បីគោលដៅ និងភាពជោគជ័យរបស់យើងដូចគ្នាដែរ។
ប្រសិនបើប្រិយមិត្តសង្កេតឃើញថា ខ្លួនឯងនៅតែបន្តសេពគប់ជាមួយនឹងមិត្តភក្ដដដែលៗ កាលពីនៅក្មេង ហើយពួកគេគ្មានទំនោរក្នុងការផ្លាស់ប្ដូរអោយរីកចម្រើនទេ សូមកុំមានការភ័យខ្លាច នៅក្នុងការកាត់បន្ថយការចំណាយពេលជាមួយនឹងពួកគេ ហើយងាកទៅធ្វើរឿងណាដែលរីកចម្រើនសម្រាប់ខ្លួនឯងវិញ ពីព្រោះប្រសិនបើប្រិយមិត្តនៅតែបន្តការសេពគប់ជិតស្និទជាមួយនឹងពួកគេទៀត នោះគំនិតថ្មីៗ និងទេពកោសល្យដែលប្រិយមិត្តមាននៅក្នុងខ្លួន ប្រហែលជាត្រូវពួកគេធ្វើការរិះគន់ថាជារឿងឥតបានការ ហើយទីបំផុតប្រិយមិត្តមិនអាចសម្រេចគោលដៅដែលខ្លួនចង់ធ្វើបាននោះទេ។
១៤) សម្រាប់អ្នកក្រ ទោះជាពួកគេមានគំនិត ឬទេពកោសល្យពីធម្មជាតិក្ដី ក៏ពួកគេមិនប្រឹងប្រែងប្រើវាអោយអស់លទ្ធភាពដែរ
មនុស្សម្នាក់ៗគឺមិនមានលទ្ធភាព ធ្វើការជ្រើសរើសឪពុកម្ដាយ ឬទីកន្លែងដែលខ្លួនត្រូវចាប់កំណើតបាននោះទេ ប៉ុន្តែរឿងសំខាន់ម៉្យាងដែលអ្នកអាចធ្វើការជ្រើសរើសនិងគ្រប់គ្រងដោយដៃទាំងពីររបស់អ្នកនោះ គឺពេលវេលាដែលអ្នកយកទៅធ្វើកិច្ចការដើម្បីសម្រេច នូវក្ដីសុបិន្ដរបស់ខ្លួនបាន។
ចំណុចសំខាន់មួយដែល យើងចង់អោយប្រិយមិត្តចងចាំហើយកត់ត្រាទុកនោះគឺ មិនថាអ្នកមាន អ្នកក្រ ឬមហាសេដ្ឋីរូបណាក៏ដោយ ពួកគេម្នាក់ៗគឺមានរយៈពេល ២៤ម៉ោង ក្នុងមួយថ្ងៃដូចៗគ្នា។ អ្វីដែលខុសគ្នានោះ គឺសកម្មភាព និងអ្វីដែលពួកគេធ្វើ នៅក្នុងរយៈពេល ២៤ម៉ោងនេះប៉ុណ្ណោះ។ ប្រសិនបើក្នុងរយៈពេលដ៏មានតម្លៃនេះ ប្រិយមិត្តយកវាមកប្រើដើម្បីធ្វើការរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឯង និងចំណាយទៅលើការធ្វើកិច្ចការដែលខ្លួនចូលចិត្តនោះ វានឹងមិនយូរទេដែលប្រិយមិត្តអាចមានលទ្ធភាព ទទួលបាននូវភាពជោគជ័យដែលខ្លួនតែងតែស្រមៃចង់បាន។
មានគំនិតមួយឃ្លា ដែលមនុស្សបរាជ័យចូលចិត្តលើកយកមកធ្វើជាលេស ដោយបានលើកឡើងថា "ក្នុងចំណោមក្រុមហ៊ុន ១០ ដែលត្រូវបានបង្កើតថ្មីគឺមាន ៩ ក្រុមហ៊ុនហើយដែលនឹងត្រូវដួលរលំទៅវិញ នៅក្នុងដំណាក់កាល ៣ឆ្នាំ ដំបូង"។ អញ្ចឹង ចំណេះ មានពាក្យមួយឃ្លា ដើម្បីធ្វើជាការឆ្លើយតបទៅកាន់គំនិតបរាជ័យមួយនេះវិញ "ចំណេះ ចង់សួរថាតើ ប្រិយមិត្តមានបានដឹងឬទេ ថាមានក្រុមហ៊ុនចំនួនប៉ុន្មានដែលដួលរលំ ដោយមិនទាន់ចាប់ដំណើរការ? ចំលើយនោះគឺដួលទាំងអស់ គ្មាននៅសល់សូម្បីតែមួយ"។ ហេតុដូចនេះហើយ ប្រសិនបើប្រិយមិត្តមានគំនិតក្នុងការបើកមុខជំនួញ ឬមួយក៏ចេញរកស៊ីហើយ សូមកុំមានការភ័យខ្លាច ត្រូវប្រឹងប្រែងធ្វើវាអោយលេចចេញជារូបរាងឡើង ហើយបើទោះជាបរាជ័យក៏ដោយ ក៏បទពិសោធន៍ដែលប្រិយមិត្តទទួលបាន នឹងក្លាយទៅជាមេរៀនយ៉ាងមានតម្លៃ ដែលអាចជួយប្រិយមិត្តនៅក្នុងការចាប់ផ្ដើមសារជាថ្មីម្ដងទៀតបាន។
១៥) ពួកគេជឿថាដើម្បីទទួលបានជោគជ័យ ពួកគេគឺត្រូវការជំនួយពីអ្នកដទៃជាចាំបាច់
ប្រសិនបើប្រិយមិត្តគឺជាអ្នកតាមដានអត្ថបទនានា ដែលបានចុះផ្សាយ នៅលើគេហទំព័រមួយនេះ យើងប្រហែលជាធ្លាប់សរសេរប្រាប់ប្រិយមិត្តច្រើនដងហើយថា នៅលើលោកនេះដើម្បីទទួលបានភាពជោគជ័យ អ្វីៗគឺត្រូវប្រឹងប្រែងដោយខ្លួនឯង គ្មាននរណាម្នាក់ដែលមានភារកិច្ចនៅចាំជួយដឹកដៃអ្នក អោយឆ្ពោះទៅរកភាពជោគជ័យបាននោះទេ។ ឪពុកម្ដាយរបស់អ្នកក៏មិនមែន ស្វាមីឬភរិយារបស់អ្នកក៏មិនមែន សាច់ញាតិ ឬក៏មិត្តភក្ដរបស់អ្នក គឺរឹតតែមិនមែន អ្វីៗគឺមានតែខ្លួនអ្នកផ្ទាល់ប៉ុណ្ណោះ វាសនានិងភាពជោគជ័យនៅក្នុងជីវិត គឺអ្នកជាអ្នកសម្រេច និងក្ដោបក្ដាប់ដោយខ្លួនឯងផ្ទាល់។
មនុស្សជាច្រើនកាលពីនៅវ័យក្មេង តែងតែស្រមៃ និងជឿជាក់ថា ពួកគេនឹងក្លាយជាមនុស្សជោគជ័យនាពេលអនាគត ក៏ប៉ុន្តែអ្វីៗគឺមិនមែនស្រស់បំព្រង និងងាយស្រួលដូចអ្វីដែលពួកគេប៉ងប្រាថ្នាទេ។ ត្រូវចងចាំថា ពិភពលោករបស់យើងនេះ ផ្ដល់រង្វាន់អោយដល់តែបុគ្គលណាដែលជាមនុស្សពូកែបំផុតប៉ុណ្ណោះ ហើយមនុស្សដែលពូកែនោះគឺជាមនុស្សដែលមិនដែលចុះចាញ់ មនុស្សដែលបន្តអភិវឌ្ឍន៍ខ្លួន មនុស្សដែលចេះបត់បែនទៅតាមការផ្លាស់ប្ដូរ និងជាមនុស្សដែលយល់ច្បាស់ថា នៅលើលោកនេះ គ្មាននរណាម្នាក់ដែលអាចជួយពួកគេដោះស្រាយបញ្ហាបានរហូតនោះទេ។ ពួកគេគឺជាមនុស្សដែល ហ៊ានងើបប្រឈមមុខនឹងបញ្ហាដោយពេញទំហឹង និងស្វែងរកដំណោះស្រាយដោយខ្លួនឯង ហើយក្នុងដំណើរឆ្ពោះទៅកាន់ភាពជោគជ័យមួយនេះ ពួកគេក៏នឹងមិនដើរតែម្នាក់ឯងជារៀងរហូតដែរ ពីព្រោះពួកគេនឹងជួបមនុស្សដែលមានគំនិតដូចខ្លួន ហើយបន្តដំណើរជាមួយគ្នារហូតដល់សម្រេចគោលដៅបាន៕
ដៃគូផ្សព្វផ្សាយ៖ ចំណេះ