ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​កំពូល ជា​ប្រទេស​ដែល​មាន​​គូស្វាមី​ភរិយា​​មាន​សុភមង្គល​បំផុត

,

កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ នៅ​ក្នុង​ការ​ដាក់​ចំណាត់​ថ្នាក់​នៃ​ទំនាក់​ទំនង​គូស្វាមី​ភរិយា​របស់​ក្រុមហ៊ុន​ Prudential មូលហេតុ​គឺ​ដោយ​សារ​តែ​គូស្វាមី​ភរិយា​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ បាន​ជ្រើសរើស​យក​ការ​ពិភាក្សា​គ្នា​ពី​បញ្ហា​ហិរញ្ញវត្ថុ​ជា​ចំហរ។

តារាង​ចំណាត់​ថ្នាក់​ប្រើ​សម្រាប់​វាស់​ស្ទង់​ទំនាក់​ទំនង​របស់​ Prudential ឬ (PRI) សំរាប់​ឆ្នាំ ២០១៧​នេះ គឹ​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​ សិក្សា​ទៅ​លើ​ប្រទេស​ចំនួន​ប្រាំបួន​រួម​មាន៖ ប្រទេស​កម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​ប្រទេស​វៀតណាម ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​សម្បូរ​ទៅដោយ​គូស្វាមី​ភរិយា​ ដែល​មាន​សុភមង្គល​បំផុត។ ការ​សិក្សា​នេះ​បាន​ធ្វើ​ការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​បុគ្គល​ដែល​មាន​គ្រួសារ​ចំនួន​ជាង​ ៤៦០០ម្នាក់ ក្នុង​នោះ​មាន​អាយុ​ចន្លោះ​ពី ២៥ រហូត​ដល់​ ៥៥​ឆ្នាំ នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ២៦​មិថុនា រហូត​ដល់​ថ្ងៃ​ទី ២០​ខែ​កក្កដា​នៅ​ទូ​ទាំង​ប្រទេស​ទាំង​ប្រាំបួន។ ក្នុង​នោះ​សម្រាប់​ប្រទេស​កម្ពុជា មនុស្ស​ចំនួន ៥១៣​នាក់ ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ធ្វើការ​សាក​សួរ​ដោយ​ផ្ទាល់​ចំពោះ​មុខ។ ការ​សិក្សា​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ៦៦%​ នៃ​ប្រជាជន​កម្ពុជា គឺ​បាន​លើក​យក​បញ្ហា​ហិរញ្ញវត្ថុ​មក​ជជែក​ជាមួយ​នឹង​ដៃ​គូ​របស់​ខ្លួន​ជា​ចំហរ។

លោក David Nutman នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Prudential Cambodia បាន​មាន​ប្រសាសន៍​ថា "ប្រជាជន​កម្ពុជា​ភាគ​ច្រើន មាន​ទំនោរ​និយាយ​ប្រាប់​ដៃ​គូ​របស់​ខ្លួន ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ពិត​ប្រាកដ​របស់​ខ្លួន ហើយ​ជា​ចំនួន​ដែល​ច្រើន​ជាង​គេ​បំផុត នេះ​បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់​ជាមួយ​គ្នា​ដទៃ​ទៀត។" លោក​ក៏​បាន​បន្ថែម​ទៀត​ថា គូ​ស្វាមី​ភរិយា ដែល​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​ជា​ចំហរ ពី​បញ្ហា​ហរិញ្ញវត្ថុ អាច​ទទួល​បាន​សុភមង្គល​ច្រើន​ជាង​គូដែល​មិន​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​ហិរញ្ញវត្ថុ​មាន ២៥% គឺ​ជា​ដើម​ចម​នៃ​បញ្ហា និង​ជម្លោះ​រវាង​គូស្វាមី​ភរិយា​នៅ​ក្នុង​ប្រទេស​កម្ពុជា នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​ដដែល​បាន​បញ្ជាក់៕

ដៃគូផ្សព្វផ្សាយ៖ ចំណេះ

ស្នេហា រៀបការ