សួស្ដីប្រិយមិត្ត ចំណេះ ទាំងអស់គ្នា។ ក្នុងអត្ថបទនេះ ចំណេះ សូមធ្វើការបង្ហាញជូនពី "កំហុស៤យ៉ាងក្នុងជីវិត ដែលប្រិយមិត្តគួរតែរីករាយ ដែលបានសម្រេចចិត្តធ្វើវា" ដែលជាអត្ថបទដកស្រង់ចេញពី បទបង្ហាញផ្ទាល់របស់គ្រូបណ្ដុះបណ្ដាលផ្នត់គំនិត ដ៏ល្បីល្បាញគឺលោក Brian Tracy ដូចតទៅ។
លោក Brian Tracy
ចំណុចដែលប្រិយមិត្តគួរតែចងចាំនោះគឺ ជីវិតរបស់មនុស្សម្នាក់ៗគឺមិនមែនរស់នៅដើម្បី គេចវេសចេញពីបញ្ហានោះទេ ប៉ុន្តែជីវិតរស់នៅដែលមានន័យ និងពិតប្រាកដមួយនោះគឺជាការរស់នៅដោយធ្វើការរៀនសូត្រ ពីកំហុសឆ្គងឬបញ្ហាទាំងអស់នោះ។ ហើយប្រសិនបើនៅក្នុងជីវិត គឺមិនដែលជួបនឹងបញ្ហា ឬឧបសគ្គសោះនោះ អញ្ចឹងជីវិតរស់នៅរបស់យើងគឺមិនអាចរីកចម្រើន ហើយក៏មិនអាចមានភាពលូតលាស់ទៅមុខបាននោះទេ។ ហើយអ្វីដែលប្រិយមិត្តត្រូវដឹងផងដែរនោះគឺ មនុស្សជោគជ័យរូបណាក៏ដោយ ដែលនៅលើលោកនេះ គឺមិនអាចមានលទ្ធភាពទទួលបានអ្វីៗ ដែលពួកគេមានដូចសព្វថ្ងៃនេះបាននោះទេ ប្រសិនបើជីវិតរបស់ពួកគេមិនជួបនឹងបញ្ហា ទាល់តែសោះនោះ។
ដូច្នេះប្រសិនបើប្រិយមិត្តបានត្រៀមខ្លួនរួចរាល់ហើយ មកតាមដានជាមួយនឹង ចំណេះ ខាងក្រោមទាំងអស់គ្នានូវ "កំហុស៤យ៉ាងក្នុងជីវិត ដែលប្រិយមិត្តគួរតែរីករាយ ដែលបានសម្រេចចិត្តធ្វើវា"៖
១) ជ្រើសរើសធ្វើការងារដែលអ្នកមិនស្រលាញ់ ឬមិនចង់ធ្វើ
មនុស្សម្នាក់ណាក៏ដោយ នៅពេលដែលពួកគេចាប់ផ្ដើមប្រើជីវិតចូលប្រឡូកនៅក្នុងសង្គម និងជាពិសេសសង្គមការងារ ពួកគេម្នាក់ៗតែងតែមានក្ដីស្រមៃជាក់លាក់មួយ ចំពោះការងារដែលពួកគេចង់បាន និងចង់ធ្វើ។
ខណៈដែលប្រិយមិត្តត្រូវតែបន្តនូវក្ដីស្រមៃទាំងនោះ វាជាការចាំបាច់បំផុតដែលអ្នកត្រូវដឹងថា មុនពេលទទួលបានអ្វីៗទៅតាមការស្រមៃនោះ អ្នកត្រូវធ្វើការឆ្លងកាត់នូវដំណាក់កាលមួយចំនួន ដែលមិនអាចរំលងបាន ដូចជាការធ្វើការងារដែលអ្នកមិនសូវពេញចិត្ត ឬខុសពីជំនាញរបស់ខ្លួនជាដើម។
ជាឧទាហរណ៍ជាក់ស្ដែង ពីជីវិតរបស់មហាសេដ្ឋី Mark Cuban វិញ ការងារដំបូងបំផុតនៅក្នុងជីវិតរបស់លោកនោះគឺ លោកធ្វើការជាភ្នាក់ងារលក់ ថង់ដាក់សម្រាមតាមផ្ទះមួយរូប។ ហើយសម្រាប់មនុស្សខ្លះ ការងារប្រភេទនេះគឺពិតជាមិនសាកសមនោះទេ ជាមួយនឹងមនុស្សដែលមានមហិច្ឆតា និងក្ដីស្រមៃខ្ពស់ដូចជាលោក Mark Cuban។ ប៉ុន្តែសម្រាប់លោក Mark វិញ ការងារដំបូងនេះ គឺជាមេរៀនដ៏មានតម្លៃ ហើយបានជួយបង្រៀនអោយគាត់ មានការប្ដេជ្ញាចិត្តខ្ពស់ និងវិធីសាស្ដ្រនៅក្នុងការលក់ដ៏ជំនាញ ដែលគាត់ជ្រើសយកមកប្រើនៅលើវិថីឆ្ពោះទៅកាន់ភាពជោគជ័យរបស់ខ្លួន នាពេលក្រោយមកទៀត។
ប្រិយមិត្តពិនិត្យឃើញទេថា ការជ្រើសរើសធ្វើការងារអ្វីក៏ដោយ ទោះជាយើងពេញចិត្តឬមិនពេញចិត្ត វាគឺមិនមែនជាកំហុសឆ្គងនោះទេ ប៉ុន្តែវានឹងក្លាយទៅជាកំហុសក្នុងជីវិតរបស់អ្នក ប្រសិនបើរូបអ្នក នៅតែបន្តធ្វើកិច្ចការដដែលៗនោះ ពេញមួយជីវិតដោយមិនព្រមធ្វើការផ្លាស់ប្ដូរ ហើយដើរតាមក្ដីស្រមៃរបស់ខ្លួន។ ដូច្នេះប្រសិនបើប្រិយមិត្ត សម្រេចចិត្តធ្វើជាបុគ្គលិកអោយក្រុមហ៊ុន មួយណាក៏ដោយ ប្រិយមិត្តគប្បីធ្វើការរៀនសូត្រពីការងារទាំងអស់នោះអោយបានច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្តែក៏មិនត្រូវធ្វើការលះបង់នូវមហិច្ឆតា និងការងារដែលជាក្ដីស្រមៃរបស់ខ្លួនចោលដូចគ្នាដែរ។
២) ផ្ដាច់ទំនាក់ទំនងជាមួយនឹងមនុស្សដែលអ្នកបានទាក់ទងជាមួយ ជាយូរមកហើយ
នៅត្រង់ចំណុចនេះ មនុស្សរូបណាក៏ដោយ នៅពេលដែលពួកគេបានសម្រេចចិត្ត បែកគ្នាជាមួយនឹងដៃគូ ដែលខ្លួនបានទាក់ទងមកជាយូរមកហើយនោះ ពួកគេតែងតែមានអារម្មណ៍ សង្ស័យ និងសោកស្ដាយចំពោះការសម្រេចចិត្តរបស់ខ្លួន។ មានអ្នកខ្លះលួចសួរខ្លួនឯងថា "តើខ្ញុំបានបង្កើតកំហុសដ៏ធំមួយ ក្នុងជីវិត តើមែនដែរឬទេ?" ហើយអ្នកខ្លះប្រហែលជាគិតថា ខ្លួនបានធ្វើការបោះបង់ចោលនូវឱកាសដ៏កម្រមួយ ក្នុងការទទួលបានដៃគូ ឬមិត្តមួយរយឆ្នាំនៅក្នុងជីវិត ហើយអ្នកនឹងមិនអាចមានឱកាសស្វែងរកបាន មនុស្សល្អដូចជាអ្នកចាស់ម្នាក់នោះបាននោះទេ។
ប៉ុន្តែអ្វីដែលជាការពិតនោះគឺ ប្រសិនបើកាលៈទេសៈក្នុងជីវិតរបស់អ្នក វាជាកត្តាដែលបង្ខំអោយអ្នកចាំបាច់ត្រូវតែធ្វើការលះបង់ទំនាក់ទំនងមួយនោះចោល នោះគឺមានន័យថា ទំនាក់ទំនងមួយនោះ ប្រហែលមិនមែនជាទំនាក់ទំនងដែលល្អបំផុតដូចទៅនឹងអ្វី ដែលអ្នកធ្លាប់បានគិតនោះទេ ទោះស្ថិតចំពោះស្ថានការណ៍បែបណាក៏ដោយ។ ត្រូវចងចាំថា ទំនាក់ទំនងដែលល្អរវាងមនុស្សពីរនាក់ ពេលខ្លះគឺពិតជាអាចមានពេលរីករាយ ហើយនឹងពេលកើតទុក្ខ ប៉ុន្តែប្រសិនបើក្នុងករណីដែលមានភាគីម្ខាង សម្រេចចិត្តបញ្ចប់នូវទំនាក់ទំនងមួយនោះមែន អញ្ចឹងមានន័យថា ទំនាក់ទំនងនេះបានមកដល់ទីបញ្ចប់ហើយ ហើយបើទោះបីជាភាគីណាមួយ ចង់ធ្វើការអូសបន្លាយ ឬពន្យាពេលក៏ដោយ ក៏វាមិនអាចផ្ដល់ប្រយោជន៍ដល់នរណាម្នាក់បានតទៅទៀតដែរ។ លើសពីនេះអ្វីដែលអ្នកទទួលបាន គឺមានតែការឈឺចាប់ ហើយនឹងទុក្ខកង្វល់តែប៉ុណ្ណោះ។
ដូច្នេះវាមិនមែនជាកំហុសនោះទេ ទោះជាអ្នក ឬដៃគូរបស់អ្នកចង់បញ្ចប់នូវទំនាក់ទំនងដែលមានជាយូរជាមួយគ្នានោះមក។ ហើយលើសពីនេះទៅទៀត ប្រសិនបើការសម្រេចចិត្តបែកគ្នារបស់អ្នកទាំងពីរ គឺអាចអនុញ្ញាតិអោយភាគីទាំងសងខាង អាចបន្តការរីកចម្រើន របស់ខ្លួនទៅបាន នោះវារឹតតែមិនមែនជាកំហុស។ បន្ទាប់ពីនោះ នៅពេលដែលអ្នកអាចស្វែងរកឃើញដៃគូដែលពិតប្រាកដ ដែលអ្នកអាចមានលទ្ធភាពរស់នៅជាមួយនឹងគ្នាពេញមួយជីវិតបាន នោះការលះបង់អ្នកចាស់ ហើយនឹងអតីតកាលនានា កន្លងមក វានឹងធ្វើអោយអ្នកយល់ឃើញថា វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមួយ នៅក្នុងជីវិតរបស់អ្នក។
៣) ផ្លាស់ប្ដូរទីលំនៅទៅកាន់ទីកន្លែងថ្មី ឬប្រទេសថ្មី
ការផ្លាស់ប្ដូរទីលំនៅ ទៅរស់នៅទីកន្លែងថ្មី គឺទាមទារនូវសេចក្ដីក្លាហានខ្ពស់ ពីព្រោះសម្រាប់មនុស្សម្នាក់ គឺមានន័យថាពួកគេនឹងត្រូវបាត់បង់មិត្តភក្ដិចាស់ៗ ចាកចេញឆ្ងាយពីសាច់ញាតិ ឬក្រុមគ្រួសារ ត្រូវទៅរស់នៅតែម្នាក់ឯង ពឹងលើសមត្ថភាពរបស់ខ្លួន ដើម្បីទ្រទ្រង់ជីវិត ហើយជាការពិតវាគឺពិតជាបទពិសោធន៍ដែលគួរអោយភ័យខ្លាចមួយសម្រាប់អ្នកដែលផ្លាស់ប្ដូរទីកន្លែងរស់នៅដំបូងៗ (ចំណុចនេះ ចំណេះ ហ៊ាននិយាយថា វាដូចគ្នាទៅនឹងនិស្សិតកម្ពុជាភាគច្រើន ដែលត្រូវចាកចេញពីផ្ទះរបស់ខ្លួននៅតាមខេត្ត ហើយត្រូវឡើងមករៀន នៅទីក្រុងភ្នំពេញយ៉ាងដូច្នោះដែរ)។
ក្នុងកំឡុងពេលដំបូងៗ ការចាកចេញពីផ្ទះ ហើយមករស់នៅតែម្នាក់ឯង ទោះដើម្បីការសិក្សា ឬដើម្បីការងារក្ដី វាប្រៀបបីដូចជាកំហុសដ៏ធំមួយ ដែលអ្នកបានធ្វើនៅក្នុងជីវិត ពីព្រោះអ្នកមិនបានស្គាល់ ឬអាចពឹងពាក់នរណាម្នាក់បាននោះទេ លើកលែងតែខ្លួនឯង។ លើសពីនេះទៅទៀត អ្នកក៏ប្រហែលជាមិនទាន់ស្គាល់ភូមិសាស្ដ្រថ្មីនេះបានច្បាស់លាស់នៅឡើយដែរ។
មូលហេតុដូចដែលបានលើកឡើងខាងលើនេះហើយ ដែលធ្វើអោយការរស់នៅទីកន្លែងថ្មី អាចធ្វើអោយអ្នកមានអារម្មណ៍ឯកោ និងជាពេលវេលាដែលអ្នកពិបាកសម្របខ្លួនបំផុត។ តែទោះបីជាបែបណា នៅពេលដែលអ្នករស់នៅទីនោះយូរៗទៅ នៅពេលដែលអ្នកស្គាល់ភូមិសាស្ដ្របានច្បាស់ ហើយថែមទាំងមានមិត្តភក្ដថ្មីថែមទៀតនោះ វានឹងធ្វើអោយអារម្មណ៍ឯកោរបស់អ្នកត្រូវកាត់បន្ថយ។ ត្រូវចាំថារាងកាយរបស់មនុស្សយើងគឺមានសមត្ថភាពពិសេស ដែលអាចធ្វើការសម្របបាន ទៅតាមទីកន្លែង និងបរិយាកាសដែលខ្លួនស្ថិតនៅ។ ដូច្នេះប្រសិនបើពីដំបូងអ្នកមានអារម្មណ៍ស្ដាយក្រោយ ចំពោះការសម្រេចចិត្តចាកចេញមករស់នៅទីកន្លែងថ្មី ចំណាយពេលយូរទៅអ្នកនឹងអាចទទួលអារម្មណ៍ថា វានឹងធ្វើអោយអ្នករឹងមាំជាងមុន ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតរបស់ខ្លួន។
៤) ចំណាយពេលធ្វើកិច្ចការ ឬដាក់ទុនវិនិយោគ ទៅលើអ្វីមួយដែលមិនទទួលបានលទ្ធផលសោះ
ត្រូវចាំថា មនុស្សដែលទទួលបានជោគជ័យមួយរូបណាក៏ដោយ គឺសុទ្ធតែសម្រេចចិត្តធ្វើការប្រថុយ និងយល់ព្រមទទួលយកហានិភ័យពីការវិនិយោគផ្សេងៗរបស់ខ្លួន។ ពីព្រោះអ្វីដែលជាការពិតនោះគឺ មនុស្សម្នាក់មិនអាចសម្រេចក្ដីសុបិន្ដ ឬគោលដៅដែលខ្លួនកំណត់បានទេ ប្រសិនបើរូបគេ មិនសម្រេចចិត្តធ្វើការលះបង់ ពេលវេលា លុយកាក់ ហើយនឹងកម្លាំងកាយចិត្តក្នុងការធ្វើកិច្ចការទាំងអស់នោះ។
ចំពោះការលះបង់ទាំងអស់ដែលបានរៀបរាប់ពីខាងលើ ភាគច្រើន គឺមិនសូវទទួលបានលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្តនោះទេ ហើយពេលខ្លះវាអាចធ្វើអោយមនុស្សម្នាក់ខកបំណង បាក់ទឹកចិត្ត ហើយថែមទាំងត្រូវចំណាយប្រាក់ច្រើនចោល ដោយឥតប្រយោជន៍ថែមទៀតផង។ មានមនុស្សភាគច្រើន ដែលសុខចិត្តយល់ព្រមអោយឧបសគ្គទាំងអស់នេះ យកឈ្នះលើខ្លួនបាន ប៉ុន្តែសម្រាប់មនុស្សដែលជោគជ័យវិញ ទោះជាជួបនឹងឧបសគ្គឬបញ្ហាបែបណា ទោះជាការវិនិយោគដំបូងរបស់ខ្លួនត្រូវបរាជ័យ ក៏ពួកគេនៅតែអាចមានលទ្ធភាពក្រោកឈរ ហើយចាប់ផ្ដើមជាថ្មីម្ដងទៀតបាន។
សូមប្រិយមិត្តចងចាំទុកថា ការចំណាយធនធាន ហើយនិងពេលវេលាធ្វើកិច្ចការ ឬការវិនិយោគ ដែលទទួលបរាជ័យ ហើយមិនទទួលបានលទ្ធផលអ្វីនោះ គឺមិនមែនជាកំហុសនៅក្នុងជីវិតទេ ប៉ុន្តែវាគឺជាឱកាសដ៏សែនកម្រមួយទៅវិញ ដែលអនុញ្ញាតិអោយអ្នកបានធ្វើការសិក្សារៀនសូត្រ ទៅលើមុខវិជ្ជាដែលអ្នកមិនធ្លាប់បានជួប ហើយដែលអ្នកមិនធ្លាប់បានរៀននៅឯសាលាកាលពីមុនមកបាន។ ប៉ុន្តែប្រសិនបើអ្នកអនុញ្ញាតិ អោយការបរាជ័យណាមួយ ធ្វើអោយអ្នកមានចិត្តភ័យខ្លាច មិនហ៊ានក្រោកឈរសារជាថ្មីវិញនោះ នេះទើបជាកំហុសដ៏ធំបំផុត ដែលអ្នកនឹងមានការសោកស្ដាយនាពេលអនាគត។
នៅទីបំផុតប្រសិនបើអ្នកអាចមានលទ្ធភាពយកឈ្នះ នូវភាពភ័យខ្លាច ហើយនៅតែអាចក្រោកឈរបន្តធ្វើកិច្ចការដែលអ្នកតែងតែស្រមៃ ជាបន្តទៅទៀត នោះអ្នកពិតជាអាចទទួលបានជោគជ័យយ៉ាងពិតប្រាកដ។ បន្ទាប់ពីអ្នកទទួលបាននូវភាពជោគជ័យហើយ នៅពេលដែលអ្នកសម្លឹងបកក្រោយវិញ អ្នកនឹងអរគុណខ្លួនឯង ហើយនឹងអរគុណដល់ការបរាជ័យទាំងឡាយនៅក្នុងជីវិត ដែលបានបង្វឹកអ្នកអោយក្លាយទៅជាមនុស្សរឹងមាំ និងជោគជ័យដូចសព្វថ្ងៃនេះ៕
ដៃគូផ្សព្វផ្សាយ៖ ចំណេះ