សួស្ដីប្រិយមិត្តបុរសៗទាំងអស់ តើធ្លាប់មានបទពិសោធន៍ធ្លាប់លួចស្រលាញ់នារីណាម្នាក់ដែរឬទេ? ហើយមានបានសារភាពក្ដីស្រលាញ់អោយនាងបានដឹងដែរឬអត់? ប្រសិនបើធ្លាប់ស្រលាញ់ ហើយក៏ហ៊ានសារភាពប្រាប់ទៅកាន់នាង ប៉ុន្តែក្រោយពេលសារភាពហើយ មិនត្រឹមតែមិនទទួលបានចម្លើយហើយបែរជាទទួលអារម្មណ៍ថា នាងបែរជាព្យាយាមគេចពីអ្នកទៅវិញនោះ តើនេះមានន័យបែបណា? ហើយតើមូលហេតុអ្វីបានជានាងធ្វើបែបនេះ បើមុនពេលសារភាព រូបអ្នកហើយនឹងនាងគឺស្និទស្នាលនឹងគ្នាខ្លាំងផងនោះ?
កញ្ញា លីណា
តោះបើពិតជាធ្លាប់ជួបបែបនេះមែន មកតាមដានជាមួយនឹងយើងនូវមូលហេតុ ១១ចំណុចនេះ ដែលនារីៗភាគច្រើនហាក់ព្យាយាមគេចមុខ ពីអ្នកសារភាពស្រលាញ់ចំពោះខ្លួន តែមិនព្រមឆ្លើយតប ឬមួយក៏បដិសេធ ដូចខាងក្រោម៖
១) អ្វីៗហាក់ដូចជាលឿនពេកសម្រាប់នាង
ជាការពិតពីដំបូងនាងប្រហែលជាស្និទស្នាលជាមួយនឹងរូបអ្នក ក្នុងន័យមិត្តភាពធម្មតា ហើយមិនរំពឹងថាអ្នកនឹងស្រលាញ់នាងសោះឡើយ។ ដូច្នេះក្រោយពេលដែលអ្នកសារភាព នាងហាក់មានអារម្មណ៍ច្របូកច្របល់ និង ភ្ញាក់ផ្អើល។
ឬជួនកាលនាងអាចនឹងមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច នៅពេលដែលអ្វីៗវាហាក់បីដូចជាលឿនពេក ទាំងដែលខ្លួននាងផ្ទាល់មិនទាន់បានត្រៀមលក្ខណៈអោយបានរួចរាល់ក្នុងការ ទទួលយកនូវការស្រលាញ់មួយនេះ ហើយនាងអាចចង់ដកឃ្លាដើម្បីធ្វើការពិចារណាពីវាអោយបានហ្មត់ចត់ប៉ុណ្ណោះ។ អ្វីដែលអ្នកគួរធ្វើគឺរងចាំ និងទុកឱកាសអោយនាង ហើយនៅពេលដែលនាងត្រៀមលក្ខណៈរួចរាល់ហើយ អ្នកប្រាកដជាទទួលបានចម្លើយដែលចេញពីចិត្តរបស់នាងពិតៗ ទោះជាពេលខ្លះវាអាចជាចម្លើយដែលអ្នកមិនត្រូវការក្ដី តែយ៉ាងហោចណាស់ក៏ល្អជាងមិនមានការឆ្លើយតបណាមួយដែរ តើត្រឹមត្រូវទេ?
២) អ្នកហាក់បីដូចជាបង្ហាញចេញការស្រលាញ់ខ្លាំងបន្តិច
ឥរិយាបថក្នុងការសារភាព នឹងបង្ហាញក្ដីស្រលាញ់ចំពោះនាង គឺវាហាក់បីដូចជាខ្លាំងក្លាបន្តិច។ នេះមិនមែនជារឿងមិនល្អនោះទេ ក៏ប៉ុន្តែសម្រាប់នាងវាហាក់បីដូចជាពិបាកក្នុងការទទួលយក ពិព្រោះនាងទទួលអារម្មណ៍ថាវាលើសលប់ខ្លាំងពេកទៅវិញ។ អ្វីដែលអ្នកគួរធ្វើគឺធ្វើអ្វីៗទៅតាមសម្រួលនិងសន្សឹមៗ ប្រសិនបើអ្នកពិតជាស្រលាញ់នាងពិតមែន ហើយចង់ទាក់ទងជាមួយនឹងនាងគួរទុកពេល និងគម្លាតអោយនាង សូមកុំធ្វើអោយនាងទទួលអារម្មណ៍ថាត្រូវតាមលងបន្លាច ដោយសារការស្រលាញ់របស់អ្នកអោយសោះ។
៣) នាងមានអារម្មណ៍ភ័យខ្លាច
ជាការពិតការស្រលាញ់នរណាម្នាក់ ឬការមានស្នេហាគឺជារឿងដែលធំដំណាស់សម្រាប់មនុស្សម្នាក់ៗ ហើយពិតជាមិនអាចលេងសើចបានទេ។ សម្រាប់អ្នកដែលធ្លាប់មានបទពិសោធន៍ ស្រលាញ់គេហើយត្រូវគេបដិសេធទៀតនោះ គឺរឹតតែខ្លាចស្នេហា ហើយមានការប្រុងប្រយ័ត្នមុនពេលដាក់ចិត្តស្រលាញ់នរណាម្នាក់ម្ដងទៀត។
ជួនកាលនាងក៏អាចចូលចិត្តអ្នកដូចគ្នាដែរ ក៏ប៉ុន្តែពេលខ្លះនាងអាចត្រូវការពេលច្រើនដើម្បីធ្វើការពិចារណា ហើយបើនាងធ្លាប់ខកចិត្តក្នុងរឿងនេះទៀតនោះ នោះនាងរឹតតែត្រូវការពេលវេលាច្រើន។ អ្វីដែលគួរធ្វើ អ្នកពុំគួរដាក់សម្ពាធអោយនាង ហើយទាមទារចម្លើយភ្លាមៗនោះទេ ទុកឱកាសនិងពេលវេលាអោយនាង ហើយសឹមរកពេលវេលាសាកសមណាមួយ ដើម្បីសុំនិយាយជាមួយនឹងនាងម្ដងទៀត។
៤) នាងត្រូវការពេលដើម្បីពិចារណា
ជាការពិតនាងក៏ចូលចិត្តអ្នកដូចគ្នាដែរ ប៉ុន្តែនាងគ្រាន់តែចង់អោយច្បាស់ចិត្តរបស់ខ្លួនប៉ុណ្ណោះ។ ប្រហែលជាការសារភាពរបស់អ្នកគឺ នាងមិននឹកស្មានដល់ ហើយឥលូវនេះនាងមានអារម្មណ៍ថាភ្ញាក់ផ្អើលបន្តិច។ អ្វីដែលនាងត្រូវការគឺពេលវេលា ដើម្បីអោយប្រាកដក្នុងចិត្តថានេះជាការស្រលាញ់ដែលនាងចង់បាន ហើយនិងពិចារណាថាតើទំនាក់ទំនងនេះវាល្អសាកសមសម្រាប់ខ្លួននាងដែរឬទេ។ ចំពោះចំណុចនេះ នាងគ្រាន់តែត្រូវការពេលវេលាដើម្បីសម្របខ្លួនប៉ុណ្ណោះ សូមអ្នកជជែក និងពិភាក្សារឿងនេះដោយចំហរជាមួយនឹងនាង។
៥) នាងមិនមានអារម្មណ៍ដូចអ្នក
នាងអាចទៅដើរកម្សាន្ដ ឬ date ជាមួយនឹងអ្នកដើម្បីពិនិត្យមើលថា តើរវាងអ្នកទាំងពីរអាចទៅរួចឬក៏អត់ ហើយជាលទ្ធផលគឺនាងមិនមានអារម្មណ៍ជ្រាលជ្រៅណាមួយជាមួយនឹងអ្នកទេ។ ជួនកាលអ្នកជាមនុស្សប្រុសដែលល្អ ប៉ុន្តែសម្រាប់នាង អ្នកនៅខ្វះខាតចំណុចខ្លះដែលនាងត្រូវការ។ នេះមិនមែនមានន័យថាអ្នកមិនល្អនោះទេ ពីព្រោះអ្នកមានគុណសម្បត្តិដែលជាខ្លួនរបស់អ្នក ប៉ុន្តែគ្រាន់តែគុណសម្បត្តិទាំងនោះ មិនមែនជាអ្វីដែលនាងត្រូវការប៉ុណ្ណោះ។ នាងដឹងច្បាស់ពីចំណុចទាំងនេះ ហើយដោយសារមិនចង់បដិសេធអ្នកដោយផ្ទាល់ ទើបនាងសម្រេចជ្រើសយកការដកខ្លួនចេញ និងបន្ថែមគម្លាតរវាងអ្នកទាំងពីរ។
៦) នាងមិនប្រាកដនៅក្នុងចិត្ត
សម្រាប់ចំណុចនេះវិញ នាងអាចចូលចិត្តអ្នកដូចគ្នាដែរ ក៏ប៉ុន្តែនាងមិនទាន់ច្បាស់នៅក្នុងចិត្ត ១០០% ថាអ្នកគឺជាមនុស្សប្រុសដែលនាងចង់ទាក់ទងជាមួយនៅឡើយ។ ប្រសិនបើបែបនេះពិតមែន នាងនឹងចាប់ផ្ដើមសាកល្បងរូបអ្នក ហើយប្រសិនបើនាងចាប់ផ្ដើមបន្ថែមគម្លាតពីអ្នក នោះប្រហែលជាអ្នកមិនមែនជាបុរសដែលនាងចង់បាននោះទេ។ ដែលនេះនឹងក្លាយជារឿងល្អទៅវិញសម្រាប់អ្នក ពីព្រោះអ្វីៗវាមិនអូសបន្លាយ ឬឈានដល់ដំណាក់កាលបកក្រោយលែងបាន។
៧) អ្នកគ្មានការអត់ធ្មត់គ្រប់គ្រាន់
មូលហេតុធំបំផុត ដែល crush ព្យាយាមធ្វើខ្លួនឆ្ងាយៗពីអ្នក គឺដោយសារតែអ្នកគ្មានចិត្តអំណត់ ហើយចង់អោយអ្វីៗទៅលឿនជ្រុលពេក។ អ្នកចូលចិត្តនាង ចំណែកនាងក៏ចូលចិត្តអ្នក ប៉ុន្តែអ្នកបែរជាព្យាយាមនិយាយរឿងរៀបការ ឬការភ្ជាប់ពាក្យ ខណៈពេលដែលអ្នកទាំងពីរទើបតែជួបគ្នាបានត្រឹមពីរទៅបីដង។ អ្វីដែលអ្នកគួរធ្វើ គឺកុំព្យាយាមធ្វើអ្វីៗអោយលឿនជ្រុលពេក បើនាងចូលចិត្តអ្នកហើយ នោះអ្នកមិនចាំបាច់បារម្ភនោះទេ។ គ្រាន់តែរីករាយជាមួយនឹងទំនាក់ទំនងជាសង្សាររបស់អ្នកទាំងពីរ ដោយសន្សឹមៗ ហើយបើទោះជាអ្នកចង់រស់នៅក្នុងនាម ស្វាមីភរិយាជាមួយនឹងនាងក៏ដោយ ក៏ពុំគួរបង្ហាញអោយនាងបានឃើញលឿនពេកនោះដែរ។
៨) នាងចូលចិត្ត ហើយស្រលាញ់អ្នកខ្លាំង
ជាការពិតនាងចូលចិត្តអ្នកខ្លាំងណាស់ ប៉ុន្តែក្រោយពេលដែលអ្នកសារភាពនាងបែរជាបន្ថែមគម្លាតទៅវិញនោះ នេះប្រហែលដោយសារតែនាងគិតថា ចង់អោយទំនាក់ទំនងមួយនេះនៅត្រឹមបែបធម្មតាៗ ពីព្រោះនាងមានអារម្មណ៍ភ័យខ្លាចក្នុងការបាត់បង់អ្នក ឬជួនកាលនាងត្រូវទទួលនូវការឈឺចាប់បើសិនជាស្នេហារបស់អ្នកទាំងពីរដើរដល់ផ្លូវបំបែក។ នេះអាចជាហេតុផលប្លែកៗបន្តិច ប៉ុន្តែដូចប្រិយមិត្តដឹងស្រាប់ហើយ មនុស្សស្រីមួយចំនួនគឺបែបនេះឯង។
៩) នាងមិនទាន់ចង់ មានទំនាក់ទំនងផ្ដាច់មុខជាមួយនឹងអ្នក
ចំណុចមួយនេះគឺ នាងក៏ចូលចិត្តអ្នកដូចគ្នាដែរ ក៏ប៉ុន្តែខណៈនេះនាងក៏មានចំណាប់អារម្មណ៍ជាមួយនឹងបុរសផ្សេងទៀតដូចគ្នា អ្នកហើយនឹងបុរសទាំងនោះគឺសុទ្ធតែជាបុរសល្អ។ នាងមានការពិបាកក្នុងការជ្រើសរើស ថាតើគួរជ្រើសយកបុរសណាម្នាក់ អ្វីដែលប្រាកដនោះគឺនាងជាស្រីស្អាត ហើយនាងពិតជាមិនចង់បាត់បង់ឱកាសផ្សេងទៀត ដោយការជ្រើសរើសខុសនោះទេ។
សម្រាប់អ្នកវិញ អ្នកប្រាកដប្រជាជាមួយនឹងនាង ១០០% ប៉ុន្តែសម្រាប់នាងវិញ នាងនៅត្រូវការសាកល្បងក្នុងរឿងស្នេហានេះនៅឡើយ។ នេះមិនមែនមានន័យថា នាងមិនចូលចិត្តអ្នកនោះទេ នាងគឺពិតជាចូលចិត្តអ្នក គ្រាន់តែមិនទាន់គ្រប់ ១០០%ប៉ុណ្ណោះ។
១០) សម្រាប់នាង អ្នកគឺមិនដូចពីមុន
មុនពេលដែលអ្នកសារភាពប្រាប់នាង អ្នកអាចជាមនុស្សប្រុសដែល នាងតាមស្រលាញ់ ហើយអ្នកមិនសូវជាយកចិត្តទុកដាក់នឹងនាងនោះទេ។ ប៉ុន្តែក្រោយពេលដែលអ្នកលង់ស្រលាញ់នាង ហើយតាមយកចិត្តនាងគ្រប់បែបយ៉ាងទៅវិញនោះ នាងអាចមានអារម្មណ៍ថាអ្នកផ្លាស់ប្ដូរ ហើយអ្នកខុសពីពេលមុន ដែលធ្វើអោយចិត្តដែលស្រលាញ់របស់នាងត្រូវកាត់បន្ថយ (សម្គាល់៖ មនុស្សស្រីមួយចំនួនគឺប្លែកៗបែបនេះឯង)។
អ្វីដែលអ្នកគួរធ្វើនៅក្នុងករណីនេះ គឺគ្រាន់តែយកចិត្តទុកដាក់នឹងនាងតាមធម្មតា ហើយផ្ដល់ការគោរពនិងអោយតម្លៃចំពោះនាង ប៉ុន្តែមិនមែនព្រមចុះចាញ់នាងគ្រប់បែបយ៉ាងដោយអំណាចនៃក្ដីស្រលាញ់នោះទេ។ ប្រសិនបើមិនដូច្នេះទេ នាងនឹងមានអារម្មណ៍ធុញទ្រាន់ ពីព្រោះអ្នកតាមចិត្តនាងគ្រប់ពេលវេលា។
១១) អ្នកមិនបានទុកចន្លោះអោយនាងដកដង្ហើម
ក្រោយពេលសារភាព អ្នកសង្កេតឃើញថានាងចាប់ផ្ដើមបន្ថែមគម្លាតពីអ្នក ប៉ុន្តែជំនួសអោយការពិភាក្សាជាមួយនឹងគ្នា ឬទុកឱកាសអោយនាងបានដកដង្ហើយ អ្នកបែរជាព្យាយាមតាមនាងស្ទើរគ្រប់ពេលវេលា ស្ទើរតែធ្វើអោយនាងថប់ដង្ហើម។ ចំណុចនេះ ចំណេះ យល់នេះអាចមកពីអ្នកមានអារម្មណ៍ភ័យខ្លាច ក្នុងការបាត់បង់រូបនាងទៅ ក៏ប៉ុន្តែសូមចងចាំថា ការធ្វើអោយនាងស្ទើរតែគ្មានដង្ហើមដកបែបនេះ នឹងធ្វើអោយអ្នកបាត់បង់រូបនាងយ៉ាងពិតប្រាកដ។
អ្វីដែលអ្នកគួរធ្វើនោះគឺ ធ្វើការដកថយហើយទុកពេលអោយនាងធ្វើការពិចារណា ហើយអ្វីដែលល្អបំផុត គឺធ្វើការពិភាក្សាជាមួយនាងដោយចំហរ។
ផ្តល់សិទ្ធិដោយ៖ ចំណេះ