ការ​ហែល​ទឹក ផ្តល់អត្ថប្រយោជន៍ ១០ យ៉ាងចំពោះសុខភាព

,

រូបតំណាង

១) ជួយ​សម្រួល​ដល់​លំហូរ​សរសៃ​ឈាម និង​ជា​ការ​ហាត់​ប្រាណ​ជំនួយ​ដល់​កំលាំង​កាយ និង​សាច់​ដុំ

ការ​ហែល​ទឹក ប្រសិន​បើ​អ្នក​មិន​ធ្វើ​ចលនា​ទេ នោះ​អ្នក​នឹក​លិច​ទៅ​ក្រោម​ទឹក ហើយ​ការ​ធ្វើ​ចលនា​នេះ​ឯង​គឺ​ជា​ការ​ធ្វើ​លំហាត់​ប្រាណ ដែល​ធ្វើ​អោយ​សរសៃ​ឈាម​របស់​យើង​រត់​បាន​ស្រួល។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​ទឹក​គឺ​មាន​សភាព​ក្រាស់​ជាង​ខ្យល់​អាកាស​ដល់​ទៅ ៨០០​ដង ដូច្នេះ​នៅ​ពេល​ដែល​យើង​បញ្ចេញ​ចលនា​នៅ​ក្នុង​ទឹក គឺ​ប្រៀប​បី​ដូច​ជា​ការ​បន្ថែម​នៅ​ភាព​ធន់​របស់​សាច់​ដុំ​យើង​ដូច​គ្នា​ដែរ។

២) ការ​ហែល​ទឹក​គឺ​ជាការ​ហាត់​ប្រាណ​ដែល​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​ដល់​រាង​កាយ

ចំណុច​នេះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​ ផលប៉ះពាល់​តិចតួច​ដែល​រាង​កាយ​ទទួល​បាន​ក្នុង​កំឡុង​ពេល​ហែល​ទឹក គឺ​ពិត​ជា​សាក​សម​សំរាប់​អត្តពលិក ឬ​អ្នក​ដែល​កំពុង​តែ​មាន​បញ្ហា សាច់ដុំ និង​សន្លាក់។ ក៏​ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្ដី លទ្ធផល​ដែល​ទទួល​បាន​វិញ​គឺ​ច្រើន​ជាង​ការ​ហាត់​ប្រាណ​ទូទៅថែម​ទៀត​ផង។ ការ​ហែល​ទឹក​ក៏​អាច​ជា​សកម្មភាព​ ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ពេល​ដែល​អ្នក​ធ្វើ​ការ​សម្រាក ពី​ការ​ហាត់​ប្រាណ​ដ៏​ខ្លាំង​ក្លា​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​ជួយ​អោយ​រាង​កាយ​បាន​ធូរស្រាល​ពី​ការ​ហាត់​ប្រាណ​នោះ ហើយ​មិន​ធ្វើ​អោយ​អ្នក​ខ្ជិល​ច្រអូស​ដើម្បី​បន្ត​ហាត់​ប្រាណ​នៅ​ថ្ងៃ​ស្អែក​ទៀត។

៣) ការហែល​ទឹក​គឺ​ល្អ​សម្រាប់​សួត

នៅ​ពេល​ដែល​យើង​ជ្រមុជ​ក្បាល​នឹង​មុខ​ចុះ​ទៅ​ក្នុង​ទឹក គឺ​យើង​ត្រូវ​អត់​ដង្ហើម ហើយ​សួត​របស់​យើង​ត្រូវ​ធ្វើ​ការ​ខ្លាំង​បំផុត ដែល​ជា​លទ្ធផល​រាង​កាយ​របស់​យើង នឹង​សម្រប​ដើម្បី​ប្រើប្រាស់​ឧកស៊ីហ្ស៊ែន​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ​ សួត​របស់​យើង​នឹង​កាន់​តែ​មាន​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​ នូវ​ខ្យល់​បរិសុទ្ធ​ចូល​ រៀង​រាល់​ពេល​ដែល​យើង​ដក​ដង្ហើម និង​បញ្ចេញ​នូវ​ឧស្ម័ន​ដែល​មាន​ជាតិ​ពុល ចេញ​ពី​ក្នុង​ខ្លួន​របស់​យើង​ បាន​កាន់​តែ​ល្អ​ជាង​មុន។ នៅ​ពេល​ដែល​សួត​យើង​កាន់​តែ​មាន​សុខភាព​ល្អ​នោះ ​នឹង​ធ្វើ​អោយ​រាង​កាយ​របស់​យើង​រក្សា​តុល្យភាព​បាន​ល្អ​ដូ​ចជា រក្សា​ចង្វាក់​បេះដូង កាត់​បន្ថយ​សម្ពាធឈាម និង​ជួយ​ធ្វើ​អោយ​យើង​រត់​បាន​កាន់​តែ​យូរ។

៤) ការហែលទឹក​ នឹង​ជួយ​អោយ​អ្នក​រត់​បាន​យូរ​ ​ហើយ​មិន​ងាយ​ហត់

យោង​តាម​ចំណុច​ទី​៣​ខាងលើ នៅ​ពេល​ដែល​សួត​របស់​យើង​ដំណើរ​ការ​ល្អ ហើយ​មាន​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​ ឧកស៊ីហ្ស៊ែន​បាន​ល្អ​នោះ ការ​ហែល​ទឹក​នឹង​ជួយ​បង្កើន​នូវ​ភាព​ធន់​របស់​រាង​កាយ។ ដែល​នេះ​ជា​ដំណឹង​ល្អ​ ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​រត់​ប្រណាំង​ ម៉ារ៉ាតុង​ណាមួយ​នោះ​នៅ​ពេល​នេះ។ នេះ​គឺ​មាន​ន័យ​ថា​ អ្នក​អាច​រត់​បាន​លឿន នឹង​បាន​ឆ្ងាយ​ដោយ​មិន​ងាយ​នឿយ​ហត់។

៥) អ្នកណាៗ​ក៏​អាច​ហែល​ទឹក​បាន

ទោះ​បី​ជា​អ្នក​ទើប​ជា​ពី​ការ​ប៉ះទង្គិច​ ឬ​មាន​របួស ជាស្ដ្រី​មាន​ផ្ទៃពោះ ឬ​ទើប​សម្រាល​បុត្រ​រួច ឬ​ជា​មនុស្ស​ដែល​ចង់​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ក្ដី ការ​ហែល​ទឹក​គឺ​ពិត​ជា​លំហាត់​ប្រាណ ដែល​សាកសម​បំផុត​សម្រាប់​អ្នក។

៦) ជួយ​កាត់​បន្ថយ​ស្ដ្រេស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ទោះ​បី​ការ​ហាត់​ប្រាណ​ទូទៅ ជួយ​បង្កើន​កម្រិត​អ័រម៉ូន endorphins ដែល​ជួយ​កាត់​បន្ថយ​ស្ដ្រេស​បាន​ច្រើន​ក្ដី​ ក៏​ប៉ុន្តែ​ប្រសិន​បើ​យើង​ធ្វើ​លំហាត់​ប្រាណ ដោយ​ជ្រើស​រើស​យក​ការ​ហែល​ទឹក​ នោះ​យើង​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នៃ​ការ​ជម្រុញ​អារម្មណ៍​បាន​កាន់​តែ​ល្អ។

៧) ជួយ​ធ្វើ​អោយ​រាង​កាយ​ក្មេង​ជាង​វ័យ

អ្នក​ដែល​ចូល​ចិត្ត​ ឬ​ធ្វើ​ការ​ហែល​ទឹក​ជា​ប្រចាំ គឺ​នឹង​មើល​ទៅ​មាន​វ័យ​ក្មេង​ជាង​អាយុ​ពិត​ប្រាកដ​របស់​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ របស់​សាកល​វិទ្យាល័យ Indiana។ ហើយ​ក៏​មាន​អ្នក​វិទ្យាសាស្ដ្រ​ជាច្រើន​ បាន​និយាយ​ដូច​គ្នា​ថា បើ​ទោះ​ជា​មនុស្ស​ម្នាក់​មាន​អាយុ​រហូត​ដល់​ ៧០​ឆ្នាំ​ ទៅ​ហើយ​ក្ដី ក៏​ការ​ហែល​ទឹក​នឹង​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម រក្សា​កម្រិត​សារធាតុ​កូឡេស្ដេរ៉ល រក្សាសកម្មភាព​សរសៃឈាម ការ​ពារ​ប្រព័ន្ធ​សតិអារម្មណ៍ នឹង​ជួយសម្រួល​សាច់​ដុំ អោយ​ដំណើរ​ការ​បាន​ល្អ​ហើយ​ មុខ​ងារ​សំខាន់​ទាំង​នោះ​នឹង​ដំណើរ​ការ​ប្រៀប​បី​ដូច​ជា​រាង​កាយ​របស់​យើង​ ស្ថិត​នៅ​ក្មេង​យ៉ាង​ដូច្នោះ​ដែរ។

៨) ការ​ហែល​ទឹក​ នឹង​ជួយ​អោយ​សាច់​ដុំ​ពេញ​រាង​កាយ​បញ្ចេញ​ចលនា

ពេល​ខ្លះ ទោះ​ជា​យើង​ហាត់​ប្រាណ​តាម​របៀប​ទូទៅ​ ដូ​ចជា​ការ​រត់ ឬ​កាយវប្បកម្ម​ក្ដី ​សាច់​ដុំ​យើង​ខ្លះ​បាន​បញ្ចេញ​សកម្មភាព ប៉ុន្តែ​ខ្លះ​ទៀត​មិន​បាន​បញ្ចេញ​សកម្មភាព ឬ​មាន​ចលនា​ប៉ុន្មាន​នោះ​ទេ ដែល​នេះ​គឺ​ខុស​គ្នា​ស្រឡះ​ពី​ការ​ហែល​ទឹក ដែល​នឹង​ធ្វើ​អោយ​សាច់​ដុំ​ជុំវិញ​រាង​កាយ​របស់​យើង​បាន​បញ្ចេញ​ចលនា គ្រប់​ទី​កន្លែង។

៩) ការហែល​ទឹក​នឹង​ជួយ​អោយ​អ្នក​ឆ្លាត​ជាង​មុន

ការ​ជួយ​សម្រួល​ទៅ​ដល់​លំហូរ​ឈាម ដែល​រត់​ឆ្ពោះ​ទៅ​កាន់​ខួរ​ក្បាល​នោះ​មាន​ន័យ​ថា ការ​ហែល​ទឹក​នឹង​ជួយ​អោយ​អ្នក​កាន់​តែ​មាន​ប្រជ្ញា និង​ឈ្លាស​វៃ​ជាង​មុន នេះ​បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវមួយ​ដែល​មាន​ឈ្មោះ​ថា Journal of Physiology។ អ្នក​ស្រាវជ្រាវ​លើ​គម្រោង​នេះជឿជាក់​ថា សម្ពាធ​ដែល​ដើមទ្រូង​ទទួល​បាន​ពី​ការ​ហែល​ទឹក នឹង​ជួយ​អោយ​បេះ​ដូង​របស់​យើង​ធ្វើ​ការ​បាន​ប្រសើរ​ជាង​មុន ហើយ​នឹង​ជួយ​ជម្រុញ​ទៅ​ដល់​លំហូរ​របស់​ឈាម​នៅ​ក្នុង​រាង​កាយ​ ឆ្ពោះ​ទៅ​កាន់​ខួរក្បាល​នឹង​គ្រប់​ផ្នែក​ក្នុង​សារពាង្គកាយ​ផង​ដែរ។

១០) ការហែល​ទឹក​ផ្ដល់​អោយ​អ្នក​នូវ បទពិសោធន៍​ថ្មី​ និង​អស្ចារ្យ​មួយ

បើ​អ្នក​ជា​អ្នក​ដែល​ចូល​ចិត្ត​ហែល​ទឹក​ជា​ប្រចាំ ហើយ​ទោះ​ជា​អ្នក​ទៅ​លេង​កីឡា​ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ផ្សេង​ក៏​ដោយ ក៏​អ្នក​នឹង​សង្កេត​ឃើញ​ថា ខ្លួន​ឯង​ហាក់​មាន​កម្លាំង នឹង​មាន​ភាព​ធន់​ទ្រាំ​បាន​ល្អ​ជាង​មុន ដែល​នេះ​គឺ​នឹង​ធ្វើ​អោយ​អ្នក​អាច​លេង​កីឡា ដែល​អ្នក​ធ្លាប់​តែ​គិត​ថា​ខ្លួន​ឯង​មិន​អាច​លេង​បាន​ផង​ដែរ៕

ប្រភព៖ ចំណេះ

យល់ដឹង