ចងសម្ពន្ធភាពជាមួយបុគ្គលទាំងនេះ នឹងនាំអ្នកទៅកាន់ផ្លូវមហន្តរាយ

,

សម្ពន្ធភាពរវាងយើងនឹងអ្នកដ៏ទៃ មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការលើកកំពស់ឲ្យយើងរីកចំរើន ឬទាញឲ្យយើងទន់ខ្សោយ។ វារុញច្រានយើងទៅខាងលើ ឬទាញយើងទំលាក់ចុះក្រោម វាបន្ថែមឬបន្ថយអ្វីផ្សេងៗចេញពីខ្លួនយើង។ សម្ពន្ធភាព នឹងជួយបន្ថែមថាមពល ឬស្រូបយកថាមពលចេញទៅវិញ។ 

ចូរពិនិត្យមើលលើរឿងខាងក្រោមនេះ៖

សម្ព័ន្ធភាពជាមួយបុគ្គលមួយចំនួន កាត់បន្ថយអ្វីៗចេញពីខ្លួនយើង

មានវិធីល្អពីរយ៉ាងដែលជួយប្រាប់បានថា សម្ពន្ធភាពរបស់យើងងាកទៅរក ផ្លូវវិជ្ជមាន ឬអវិជ្ជមាន។

វិធីទីមួយគឺសាកល្បងសង្កេតថា តើបុគ្គលនេះធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ឬមិនល្អចំពោះខ្លួនឯង?

វិធីទី២គឺ តើការាប់អានជាមួយគេត្រូវចំណាយថាមពលតិចឬច្រើនប៉ុនណា?

ហើយត្រូវទទួលស្គាល់ការពិតផងថា ការចងសម្ពន្ធភាពនឹងបុគ្គលខ្លះ ហាក់ដូចជាទាញថាមពលពីខ្លួនរបស់អ្នកអស់រលីង។ ទ្បិស ភែរ៉ត សរសេរក្នុងសៀវភៅរបស់គាត់ High Maintenance Relatioship រៀបរាប់ពីបុគ្គលប្រភេទផ្សេងៗដែលអាចធ្វើទុក្ខហើយទាញថាមពលចេញពីខ្លួនយើង។ ឧទាហរណ៍មួយចំនួននៃបុគ្គលទាំងនោះមានដូចខាងក្រោមនេះ៖

  • ពួកគេចូលចិត្តវិភាគវិះគន់ នឹងនៅចាំរិះគន់នឹងណែនាំពីអ្វីដែលយើងមិនចង់បាន
  • ពួកចង់បានការអាណិត នឹងត្រូវគេធ្វើបាបរហូត និងគិតតែពីអាណិតខ្លួនឯង
  • ពួកធ្វើឲ្យបាត់ភាពរីករាយ ជាមនុស្សសុទុទិដ្ឋិនិយម ឃើញអ្វីៗមិនល្អជានិច្ច
  • ពួកឆ្គួតនឹងអំណាច ជាមនុស្សមិនចេះទទួលដឹងពីអារម្មណ៍អ្នកដទៃ
  • ពួកនិយាយដើមគេ តែងផ្សាយពាក្យចចាមអារាម លាតត្រដាងអាថ៌កំបាំង
  • ពួកល្អិតល្អន់ជ្រុល មិនលោះលា មិនព្រមឲ្យរឿងប្រព្រឹត្តទៅតាមសម្រួល
  • ពួកចាក់ពីក្រោយខ្នង អាចធ្វើជាមនុស្សខ្លួនមួយក្បាលពីរបានគ្រប់ពេល
  • ពួកច្រណែននិទ្ទា ពោរពេញដោយការច្រណែនឈ្នានីស
  • ពួកលាក់គុំនុំ សន្សំកំហឹង ហើយអាចផ្ទុះបានគ្រប់ពេលវេលា
  • ពួកបឺតជញ្ជក់ ដូចជាអេប៉ុង ចេះតែបឺតចូល មិនដែលផ្តល់អ្វីតបស្នងទ្បើយ
  • ពួកកាច់កុង ចាំតែរកឱកាសផ្តួលសង្គ្រប់គ្រប់ពេលវេលា

បើសម្ពន្ធភាព ធ្វើឲ្យយើងប្រើថាមពលខ្លះ អាចចាត់ទុកជារឿងធម្មតា។ តែបើវា ចាំតែទាញថាមពលចេញពីអ្នកគ្រប់ពេលវេលា សម្ពន្ធភាពនោះនឹងផ្តល់ផលអាក្រក់ដល់អ្នកវិញ។ អ្នកអាចមើលឃើញផលអាក្រក់នៃរឿងនេះនៅក្នុងសម្ពន្ធប្រភេទនេះ បឺតស្រូបយកថាមពលរបស់អ្នក ទន្ទឹមនឹងអ្នកអាចយកថាមពលទាំងនោះទៅប្រើលើកិច្ចការដែលអ្នកមានទេពកោសល្យ ឬមានសម្ថភាពខ្ពស់បំផុតបាន។ ទំនាក់ទំនងបែបនេះ រំខានសមាធិ និងសតិអារម្មមិនឲ្យអ្នកទៅដល់គោលដៅ ធ្វើឲ្យភាពពូកែរបស់អ្នកទ្បើងដល់កំរិតខ្ពស់បំផុតបាន។ ក្នុងរយៈពេលវែង សម្ពន្ធភាពជាអវិជ្ជមាននោះ នឹងមិនជះឥទ្ធិពលឲ្យសម្ថភាពរបស់អ្នកអភិវឌ្ឍទៅក្នុងទិសដៅដែលត្រឹមត្រូវទេ៕

មិត្តភាព យល់ដឹង