ភាសា​​កម្មវិធី​កុំព្យូទ័រ​ទាំង​៩​​ដែល​​មាន​តម្រូវ​ការ​​បំផុត​ក្នុង​ឆ្នាំ ២០១៧

,

សាក​ល្បង​ដោយ​ធ្វើ​ការ​ស្វែង​រក​ នៅ​តាម​បណ្ដាញ​អ៊ិនធើណេត និង Google អ្នក​នឹង​បាន​ឃើញ​ថា មាន​ភាសា​កម្មវិធី​កុំព្យូទ័រ​រាប់​រយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង។ ហើយ​បើ​សាកល្បង​ធ្វើ​ការ​ស្វែង​រក​ថាតើ​ ភាសា​មួយ​ណា​ដែល​ល្បី​ល្បាញ​ជាង​គេ​នោះ នោះ​អ្នក​ប្រាកដ​ជា​បាន​ឃើញ​លទ្ធផល​ផ្សេងៗ​គ្នា ដែល​នឹង​ធ្វើ​អោយ​អ្នក​វិល​មុខ​មិន​ខាន។ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ ដែល​ថា​តើ​ភាសា​ណា​មួយ​ដែល​ល្បី​ជាង​គេ​នោះ យើង​បាន​ធ្វើ​ការ​ចាត់​ចំណាត់​ថ្នាក់​ភាសា​នីមួយៗ​ទៅ​តាម​តម្រូវ​ការ​នៅ​ក្នុង​ការ​ងារ​វិញ។

មាន​វិធី​ជា​ច្រើន​ដើម្បី​ចាត់​ចំណាត់​ថ្នាក់​ភាសា​កុំព្យូទ័រ ឧទាហរណ៍​ដូច​ជា ធ្វើ​ការ​រាប់​ពី​ចំនួន​ គេហទំព័រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​ភាសា​មួយ​នោះ លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ស្វែង​រក​ជាមួយ Google និង​រាប់​ចំនួន​គម្រោង​ដែល​ប្រើ​ប្រាស់​ភាស​មួយ​នោះ​នៅលើ Github ​រួម​នឹង​សំណួរ​ចម្លើយ​ទាក់​ទង​ពីវា​នៅ​លើ StackOverflow ជា​ដើម។ បន្ថែម​ពី​លើ​ចំណុច​ដែល​បាន​រៀប​រាប់​ខាង​លើ យើង​ក៏​បាន​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​ទទួល​បាន​ពី ការ​ជ្រើស​រើស​មុខ​តំណែង​ផ្សេងៗ​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ ​ភាសា​ទាំង​អស់​នោះ​ផង​ដែរ។

ដូច្នេះ​ដើម្បី​កុំ​អោយ​ប្រិយ​មិត្ត​មាន​ការ​ទទឹង​រង​ចាំ​យូរ សូម​មក​តាម​ដាន​ពី​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ៩ នៃ​ភាសា​កុំ​ព្យូទ័រ​ដែល​មាន​តម្រូវ​ការ​ខ្ពស់​បំផុត ក្នុង​ឆ្នាំ​ ២០១៧ នេះ​ដូច​ខាង​ក្រោម៖

រូបភាព៖ Codingdojo

១) ភាសា SQL

ចំនួន​ក្នុង​ការ​ជ្រើស​បុគ្គលិក​ដែល​ត្រូវ​ការ​ចេះ​ជំនាញ ភាសា SQL ឬ Structured Query Language នេះ​គឺ​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​ចំនួន​លើស​ពី​ឆ្នាំ​មុន​ប្រហែល​ ៥០០០០ មុខ​តំណែង ហើយ​ដែល​ធ្វើ​អោយ​អ្នក​ដែល​ចេះ​ភាសា​នេះ មាន​អាទិភាព​ច្រើន​ជាង​អ្នក​ចេះ​ភាសា​ផ្សេង។ ភាសា SQL គឺ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ទៅ​កាន់​ Database (កន្លែង​ផ្ទុក​ទិន្នន័យ) ដែល​ស្ទើរ​តែ​មាន​នៅ​គ្រប់គម្រោង​ទាំង​អស់។ ហើយ​សំរាប់​កម្មវិធី Database ល្បីៗ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​គឺ​សុទ្ធតែ ​ប្រើ​ប្រាស់​ភាសា​មួយ​នេះ​ទាំង​អស់ ឧទាហរណ៍​ដូច​ជា Oracle, MySQL, និង Microsoft SQL Server ជាដើម។

២) ភាសា Java

ចំនួន​នៃ​ការ​ងារ​ដែល​ត្រូវ​ការ​បុគ្គលិក​ជំនាញ​ដែល​ចេះ​ភាសា​មួយ​នេះ គឺ​មាន​ការ​កើនឡើង​ប្រហែឡ ៣០០០០ កន្លែង​នៅ​ក្នុង​ឆ្នាំ​នេះ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ មូល​ហេតុ​ចម្បង​អាច​មក​ពី​កំណើន​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android នៅ​លើ​ទី​ផ្សារ កំណើន​នៃ​អ្នក​សរសេរ​កម្មវិធី​ដែល​ប្រើ​ប្រាស់​វា និង ​អត្ថប្រយោជន៍​សំរាប់​អ្នក​ចេះ​ស្រាប់​ហើយ​ចង់​បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ គឺ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។ បើ​និយាយ​ជា​រួម​ភាសា​មួយ​នេះ គឺ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​សិក្សា ហើយ​ត្រូវ​បាន​អ្នក​សរសេរ​កម្មវិធី រាប់​លាន​នាក់​នៅ​លើ​ពិភព​លោក​ចេះ និង​ដំណើរ​ការ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិច រាប់​ពាន់​លាន​គ្រឿង​ថែម​ទៀត។ គ្រប់​កម្មវិធី​ដែល​ដំណើរ​ការ​នៅ​លើ ប្រព័ន្ធ​ប្រតិបត្តិការ​ Android ទាំង​អស់គឺ​ត្រូវ​បាន​បង្កើត​ជាមួយ​នឹងភាសា Java ហើយ​មាន​ក្រុមហ៊ុន​ដែល​ឈាន​មុខ ស្ទើរ​តែ ៩០% ក្នុង​ចំណោមក្រុមហ៊ុន​ប្រមាណ ៥០០​ ក្រុមហ៊ុន​នៅលើ​ពិភពលោក បាន​ប្រើ​ប្រាស់​ភាសា​មួយ​នេះ សំរាប់​ការ​អភិវឌ្ឍន៍ ប្រព័ន្ធ​ Server-Side របស់​ខ្លួន។

3) ភាសា Python

ប្រជា​ប្រិយ​ភាព​របស់​ភាសា​មួយ​នេះ​គឺ​នៅ​តែ​មាន​ការ​កើន​ឡើង​ នៅ​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៦ ហើយ​ជាប់​ជា​ភាសា ដែល​មាន​តម្រូវ​ការ​បំផុត​ក្នុង​ចំណាត់​ថ្នាក់​ទីបី នៅ​ក្នុង​បញ្ជី​របស់​យើង។ លើស​ពី​នេះ​វា​គឺ​ជា​ភាសា​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ទូទៅ ដែល​ជួយ​សម្រួល​ទៅ​ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​ទើប​តែ​រៀន​ថ្មីៗ​ ហើយ​ជួយ​បង្កើន​នូវ​ភាព​ច្នៃប្រឌិត​និង​ផលិតភាព​របស់​អ្នក​បង្កើត​កម្មវិធី។​ ភាសា​នេះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​ដើម្បី បង្កើត​ជា​កម្មវិធី​សំរាប់​ម៉ាស៊ីន​ Windows កម្មវិធី​ដែល​ដំណើរ​ការ​លើ​អ៊ីនធើណេត និង​សំរាប់​ធ្វើ​ជា​កម្មវិធី​ដែល​ធ្វើ​ការ​ប្រមូល​ទិន្នន័យ​ពី​អ៊ីនធើណេត​ជា​ដើម។

៤) ភាសា JavaScript

ភាសា JavaScript ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៤​សំរាប់​ឆ្នាំ ២០១៧​នេះ ហើយ​តម្រូវ​ការ​របស់​វា​នៅ​ក្នុង​ទី​ផ្សារ​ការ​ងារ​គឺ​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព។ ភាសា​នេះ​ត្រូវ​បាន​ប្រើ​សំខាន់​ដើម្បី​ អភិវឌ្ឍន៍​កម្មវិធី​សំរាប់​ម៉ាស៊ីន​កូន (Client Side PC) ដែល​ជួយ​សម្រួល​នឹង​បង្កើន​ការ​ទាក់ទង​ជាមួយ​នឹង​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់។ ភាសា JavaScript គឺ​អាច​ដំណើរ​ការ​បាន​ជាមួយ​នឹង​គ្រប់​កម្មវិធី Browser ទាំងអស់​នៅ​លើ​លោក និង​មាន​គេហទំព័រ​ជាង​ ៩០% ដែល​បាន​ប្រើ​វា ហើយ​ជា​ភាសា​ដែល​មាន​ការ​និយម​បំផុត នៅ​ក្នុង​គេហទំព័រ StackOverflow។

៥) ភាសា C++

ភាសា C++ គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៥​ ក្នុង​បញ្ជី​របស់​យើង​ ហើយ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​របស់​វា​ចំនួន​ជាង ២០០០០ កន្លែង។ ភាសា​មួយ​នេះ ត្រូវ​បាន​បង្កើត និង​ កែប្រែ​មក​ពី​ភាសា C ដែល​ជា​ភាសា​គោល​របស់​គ្រប់​ភាសា​កុំព្យូទ័រ​ទាំង​អស់។ ដែល​ប្រការ​នេះ​បាន​ធ្វើ​អោយ​ភាសា C++ គឺ​ជា​ភាសា​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​ដំណើរ​ការ​បាន​ខ្ពស់ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីបង្កើត​ជា​វីដេអូ​ហ្គេម កម្មវិធី​កុំព្យូទ័រ និង កម្មវិធី​សំរាប់​អ៊ីនធើណេត។ ប៉ុន្តែ​បើ​សិន​ជា​អ្នក​ជា​អ្នក​សរសេរ​កម្មវិធី​ដែល​ទើប​តែ​ចេះ​ថ្មីៗ នោះ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ភាសា​មួយ​នេះ​គឺ​ ពិបាក​ក្នុង​ការ​រៀន​បើ​ប្រៀប​ធៀប​ទៅ​នឹង​ភាសា​ផ្សេង​ទៀត ដូច​ជា Python ឬក៏​ JavaScript។

៦) ភាសា C#

ភាសា C# (C sharp) ត្រូវ​បាន​សង្កេត​ឃើញថា​មាន​កំណើន​ប្រជាប្រិយភាព បន្តិចបន្តួច​ដែរ​នៅ​ក្នុង​ឆ្នាំ ២០១៧​នេះ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​សំរាប់​អោយ​វា វ៉ាដាច់​ភាសា C++ នោះ​ទេ។ ភាសា​មួយ​នេះ ត្រូវ​បាន​អភិវឌ្ឍន៍​សំរាប់​ដំណើរ​ការ​ជាមួយនឹង .NET របស់​ក្រុមហ៊ុន​ Microsoft ប៉ុន្តែ​ឥលូវ​នេះ​វា​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ម៉ាស៊ីន​កុំព្យូទ័រ​ទាំង​អស់​ទោះ​ជា​ ​កុំ​ព្យូទ័រ​នោះ​មិន​បាន​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ក៏ដោយ។ គោល​បំណង​ចំបង​របស់​ភាសា​មួយ​នេះ គឺ​សំរាប់​ធ្វើ​ការ​បង្កើត​កម្មវិធី Enterprise។

៧) ភាសា Perl

ភាសា Perl ​គឺ​ស្ថិត​នៅ​លេខ​រៀង​ទី ៧ ក្នុង​តារាង​របស់​យើង ដោយ​បាន​ធ្វើ​ការ​ទំលាក់​ភាសា​ល្បីៗ​ផ្សេង​ទៀត ដូច​ជា Objective-C PHP និង Ruby ជាដើម។ ភាសា Perl ​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា​ជា​ភាសា​ ដែល​ធ្វើ​ការ​តភ្ជាប់​បណ្ដាញ​អ៊ីនធើណេត ឥលូវ​នេះ​បាន​បំបែក​ខ្លួន​ជា​ពីរ Version នោះ​គឺ Perl 5 និង Perl 6 ដែល​បាន​ដាក់​អោយ​ដំណើរ​ការ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥។ Version ទាំង​ពីរ​របស់​ភាសា​នេះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៍​កម្មវិធី ទាក់​ទង​និង​រូបភាព ក្រាហ្វិក បណ្ដាញ និង ហិរញ្ញវត្ថុ។

៨) ភាសា Objective-C

អ្នក​សរសេរ​កម្មវិធី​សំរាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ iOS របស់​ក្រុមហ៊ុន​ Apple ស្ទើរ​តែ​ទាំង​អស់​ ត្រូវ​បាន​ដឹងថា​ បាប​ប្រើ​ប្រាស់​ភាសា Objective-C, C និង Swift ដើម្បី​បង្កើត។ សំរាប់​ចំណួន​ការ​ងារ​ដែល​មាន​តម្រូវ​ការ​ទាក់​ទង​នឹង​ជំនាញ​មួយ​នេះ គឺ​ស្ទើរ​តែ​គ្មាន​ការ​ប្រែប្រួល​ប៉ុន្មាន​នោះ​ទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​ទិន្នន័យ​កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ។

៩) ភាសា PHP

ភាសា PHP គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ដដែល បើ​ប្រៀប​ធៀប​នឹង​តារាង​ចាស់ កាល​ពីឆ្នាំ​ ២០១៦។ ភាសា​មួយ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សំរាប់​បង្កើត គេហទំព័រ​ជាង​ ៨០% មក​ទល់​បច្ចុប្បន្ននេះ​ ដែល​ក្នុង​នោះ​មាន​គេហទំព័រ​ល្បីៗ​មួយ​ចំនួន​ដូចជា Facebook, Wikipedia, Tumblr និង WordPress។ ទោះ​បី​ជា​ភាសា​មួយ​នេះ​មិន​មែន​ជា​ភាសា​ដែល​លេចធ្លោ​ខ្លាំង ប៉ុន្តែ​ចំនួន​នៃ​គេហទំព័រ​ដែល​បង្កើត​ឡើង​ដោយ PHP នៅ​តែ​ធ្វើ​អោយ​វា​ជា​ភាសា​មួយ​ដែល​នៅ​តែ​មាន​ តម្រូវ​ការ ហើយ​នៅ​តែ​ជា​ជំនាញ​ដែល​មាន​ទីផ្សារ​មួយ​សំរាប់​អ្នក​សរសេរ​កម្មវិធី។

ចុះ​ចំណែក ភាសា Ruby?

ភាសា Ruby on Rails ដែល​កាល​ពី​ឆ្នាំ ២០១៦ ជាប់​ជា​ភាសា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ៩ នោះ​បាន​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​ទី ១៧។ មូលហេតុ​គឺ​អាច​បណ្ដាល​មក​ពី ភាសា​ Ruby បាន​បាត់​បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន ទៅ​អោយ​ភាសា​ល្បីៗ​ដែល​ប្រហាក់​ប្រហែល​ផ្សេង​ទៀត ដូច​ជា Node.js និង Go។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ គ្មាន​ការងារ​សំរាប់​អ្នក​ចេះ Ruby ​ហើយ​ជា​មូលហេតុ​ដែល​មិន​ត្រូវ​ចេះ​វា​នោះ​ដែរ។ ពីព្រោះ​វា​នៅ​តែ​ជា​ភាសា​មួយ​ដែល​ មាន​ប្រជា​ប្រិយភាព គ្រាន់​តែ​មិន​ល្បី​ដូច​កាល​ពី​អតីតកាល​ប៉ុណ្ណោះ។

សរុប​ជា​រួម ​អ្នក​សរសេរ​កម្មវិធី និង​បុគ្គលិក​ផ្នែក​ IT ទាំង​អស់​អោយ​បាន​ជ្រាប​ថា នៅ​លើ​លោក​នេះ គ្មាន​ភាសា​កុំព្យូទ័រ​ណា​មួយ​ដែល​អាច​ សំរេច​បាន​គ្រប់​យ៉ាង​ដែល​យើង​ចង់​បាន​នោះ​ទេ ហើយ​ទី​ផ្សារ​ការ​ងារគឺ​មាន​ការ​ផ្លាស់​ប្ដូរ​លឿន​ខ្លាំង​ណាស់​បើ​ប្រៀបធៀប ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ដូច្នេះ​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក សរសេរ​កម្មវិធី​ដែល​ជោគជ័យ​ម្នាក់ ប្រិយមិត្ត​គួរ​តែ​ចេះ​ភាសា​កុំព្យូទ័រ​អោយ​បាន​ពីរ​ ឬ​បី ហើយ​ត្រូវ​បង្រៀន​ខ្លួន​ឯង​អោយ​រៀន​ភាសា​ថ្មី​ណា​មួយ​អោយ​បាន​លឿន ដូច្នេះ​អ្នក​នឹង​រៀប​ចំ​ខ្លួន​ឯង​រួច​ជា​ស្រេច នៅ​ពេល​ដែល​អ្នក​បាន​ជួប​នឹង​ឱកាស​ការងារ​ថ្មី​ណាមួយ​នោះ៕

ប្រភព៖ ចំណេះ

យល់ដឹង អាជីវកម្ម