មនុស្សនៅក្នុងបញ្ជីខាងក្រោមនេះ ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំនិងសហគ្រិនដ៏ជោគជ័យនៅក្នុងវិស័យផ្សេងៗដែលពួកគាត់បំពេញការងារ។ ពួកគាត់ត្រូវបានគេស្គាល់តាមរយៈជោគជ័យជាសហគ្រិន អ្នកដឹកនាំ និងជាអ្នកច្នៃប្រឌិត។ ក៏ប៉ុន្តែពួកគាត់ត្រូវបានគេដឹងថា បានយកឈ្នះលើឧបសគ្គយ៉ាងធំមួយដែលគ្រប់គ្នាមិនអាចស្មានបាននោះគឺ ពួកគាត់ត្រូវឆ្លងកាត់ជំងឺដែលពាក់ព័ន្ធនិងខួរក្បាលដែល បណ្ដាលអោយពួកគាត់មានការពិបាកក្នុងការអាននិងសរសេរ។
១) លោក Henry Ford
នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីព្យាបាលជំងឺនេះ លោក Ford ជារឿយៗតែងតែធ្វើការអនុវត្តម្ដងហើយម្ដងទៀតនូវរាល់គ្រប់សកម្មភាពរបស់គាត់ រហូតការអនុវត្តនេះក្លាយទៅជាទំលាប់ក្នុងជីវិតរបស់លោក។ ទំលាប់នេះបានជួយធ្វើការដុសខាត់សមត្ថភាពរបស់គាត់ ក្នុងការបើកដំណើរការក្រុមហ៊ុនផលិតរថយន្តដ៏ជោគជ័យមួយនៅលើពិភពលោក។
២) លោក Thomas Edison
មនុស្សជាច្រើនស្គាល់លោក Edison ថាជាអ្នកវិទ្យាសាស្ដ្រមួយរូប។ ក៏ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថាលោក Edison បានយកឈ្នះជំងឺ dyslexia របស់លោកដោយធ្វើដំណើរការក្រុមហ៊ុន អេឡិចត្រូនិច និង វិស្វកម្មដ៏ជោគជ័យមួយ ដែលសព្វថ្ងៃនេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន General Electric។ បច្ចុប្បន្ននេះក្រុមហ៊ុន General Electric ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិដ៏ជោគជ័យមួយ ហើយគឺជាក្រុមហ៊ុនមួយដែលត្រូវបានចុះបញ្ជីជាក្រុមហ៊ុនជោគជ័យបំផុត ក្នុងចំណោម ៥០០ក្រុមហ៊ុនផ្សេងទៀតនៅលើពិភពលោក។
៣) លោក Richard Branson
អ្នកដឹកនាំពាណិជ្ជកម្មដែលមានភាពល្បីល្បាញជាងគេដែលមានជំងឺ dyslexia នេះប្រហែលជាលោក Richard Branson។ សហគ្រិនសញ្ជាតិអង់គ្លេសរូបនេះ បានធ្វើការដាក់ភ្នាល់ភាពជោគជ័យរបស់លោកពីការធ្វើពាណិជ្ជកម្ម ទស្សនាវដ្ដីជាមួយនឹងសិស្សរបស់គាត់ ហើយកែប្រែពាណិជ្ជកម្មនេះទៅជាក្រុមហ៊ុន និង និមិត្តសញ្ញាដ៏មានឥទ្ធិពលនៅលើពិភពលោក – ក្រុមហ៊ុន Virgin Inc។ លោក Branson ជារឿយៗតែងតែនិយាយថាជំងឺ dyslexia នេះគួរតែត្រូវចាត់ទុកជាសញ្ញានៃសក្តានុពលរបស់មនុស្សម្នាក់។
៤) លោក Jamie Oliver
ជំងឺ Dyslexia មិនអាចធ្វើការរារាំងលោក Jamie Oliver មិនអោយក្លាយទៅជាចុងភៅដ៏ល្បីល្បាញ និងអ្នកដឹកនាំពាណិជ្ជកម្ម ដែលត្រូវបានទទួលស្គាល់ពាសពេញពិភពលោកបាននោះទេ។ ពាណិជ្ជកម្មភោជនីយដ្ឋានរបស់លោកបានធ្វើការពង្រីកខ្លួនពាសពេញពិភពលោក។ រឿងដែលមិនគួរអោយជឿនោះគឺ លោក Jamie អានសៀវភៅដំបូងនៅពេលដែលលោកមានអាយុ ៣៨ឆ្នាំទៅហើយ។
៥) លោក Ingvar Kamprad
ស្ថាបនិកក្រុមហ៊ុន Ikea លោក Ingvar Kamprad មានលទ្ធភាពដំណើរការហាងលក់ទំនិញខ្នាតអន្តរជាតិនេះបាន ស្របពេលដែលលោកប្រយុទ្ធជាមួយនឹងជំងឺ dyslexia នេះ។
៦) លោក Charles Schwab
នាយកប្រតិបត្តក្រុមហ៊ុន Charles Schwab & Co. បានធ្វើការតស៊ូជាមួយនឹងការសិក្សានៅសាលាដោយសារជំងឺនេះ ហើយលោកថែមទាំងប្រលងមុខវិជ្ជា ភាសាអង់គ្លេសធ្លាក់ចំនួនពីរដង ថែមទៀតផង។ ពីដំបូងលោកមិនបានដឹងខ្លួនថាលោកមានជំងឺនេះទេ រហូតទាល់តែកូនប្រុសបង្កើតរបស់គាត់ត្រូវបានរាយការណ៍ថា មានអាការៈនៃជំងឺនេះដូចគាត់ដែរ។
តាមរយៈអត្ថបទនេះ យើងចង់បង្ហាញដល់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងអស់គ្នាគឺជាសហគ្រិន ឬមានបំណងក្លាយជាសហគ្រិនមួយរូប សូមកុំមានការស្ទាក់ស្ទើរ ក្នុងការស្វែងរកជំនួយសំរាប់បញ្ហាដែលកើតមាន។ ហើយសូមចងចាំពីមេរៀនដែលអ្នកទាំងអស់គ្នាបានស្វែងយល់ពីអត្ថបទ និង ពីមនុស្សក្នុងអត្ថបទនេះ ហើយសូមកុំអនុញ្ញាតិអោយឧបសគ្គឬអ្វីក៏ដោយមករារាំងអ្នករាល់គ្នាក្នុងការដើរឆ្ពោះទៅមុខ ដើម្បីជោគជ័យរបស់អ្នករាល់គ្នាបានអោយសោះ៕
ប្រភព៖ ចំណេះ