អ្នក​វិទ្យាសាស្ដ្រ​បាន​បង្កើត​ ប្រព័ន្ធ​វ័យ​ឆ្លាត​ដែល​អាច​​ដឹង​ពីចិត្ត​ និង​ការ​គិត​របស់​មនុស្ស​បាន

,

ប្រព័ន្ធ​វ័យ​ឆ្លាត​​ឬ​​ភាសា​អង់គ្លេស​ហៅថា AI ត្រូវ​បាន​សិក្សា​នឹង​ស្រាវជ្រាវ​ដោយ​អ្នក​វិទ្យាសាស្ដ្រ​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ វា​​​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​​ធ្វើ​តាំង​ពី​​កិច្ច​ការ​សាមញ្ញៗ​ រហូត​ដល់​កិច្ចការ​ធំៗ​ និង​កាន់​តែ​អភិវឌ្ឍន៍​​កាន់​តែ​អស្ចារ្យទៅៗ ហើយ​កាន់តែ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ទៅៗ​ផងដែរ​។ ហើយ​បច្ចុប្បន្ននេះ មាន​អ្នក​វិទ្យាសាស្ដ្រ​មួយ​ចំនួន​បាន​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ​អោយ​កាន់​តែ​អស្ចារ្យ​​ថែមមួយ​កំរិត​ទៀត នោះ​គឺ​ការ​ប្រើប្រាស់​វា​ដើម្បី​​អោយទស្សន៍ទាយ​ដឹង​ថា​មនុស្ស​ម្នាក់​កំពុង​តែ​គិត​ពី​អ្វី​បាន។

ដោយ​ពួក​គេ​បាន​សិក្សា​ស្រាវជ្រាវ​ពី​​ការ​បញ្ជូន​រលក​សញ្ញា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ទៅ​កាន់​ខួរ​ក្បាល​របស់​មនុស្ស។ យោង​តាម​អ្នក​វិទ្យាសាស្ដ្រ​នៅ​ឯ​សាកល​វិទ្យាល័យ Mellon បាន​អោយ​ដឹង​ថា​ពួកគេ​បាន​នឹង​កំពុង​បង្កើត​ប្រព័ន្ធ​វ័យ​ឆ្លាត​មួយនេះ ដែល​អាច​មាន​លទ្ធភាព​ដឹង​ពី​ការគិត​ដ៏​ស្មុគ​ស្មាញ​របស់​មនុស្ស​បាន​ដោយ​គ្រាន់​តែ​ធ្វើ​ការ​ Scan ខួរ​ក្បាល​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ។ ការ​ scan នេះ​នឹង​ធ្វើ​ការ​ប្រមូល​ទិន្នន័យ​បញ្ចូល​ទៅក្នុង​ម៉ាស៊ីន fMRI (functional magnetic resonance imaging) ហើយ​អ្នក​វិទ្យាសាស្ដ្រ​នឹង​ធ្វើ​ការ​វិភាគ​ទៅ​លើទិន្នន័យ​ទាំងនេះ​ដោយ​ពឹង​ផ្អែក​លើ​ការ​វិភាគ​របស់​ប្រព័ន្ធ​កុំព្យូទ័រ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ខួ​រ​ក្បាល​របស់​មនុស្ស ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ស្មុគ​ស្មាញ​ណា​មួយ​ដូច​គ្នា។

ជា​រឿង​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​អាច​មាន​លទ្ធភាព​ធ្វើ​ការ​បង្ហាញពី ​វិធី​ដែល​ខួរ​ក្បាល​​របស់​មនុស្ស​ធ្វើ​ការ​ដើម្បី​សម្រេច​ចិត្តដ៏​ស្មុគស្មាញ​ណា​មួយបាន។ ការ​សិក្សា​នេះ​បាន​ធ្វើ​ការ​សាកល្បង​​​នៃ​ការ​ធ្វើ​ការ​របស់​ខួរក្បាល​ ដោយទាក់​ទង​នឹង មនុស្ស​ ទី​កន្លែង និង សកម្មភាព​រាង​កាយ​​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម​ផងដែរ។ ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​ដែល​ទទួល​បាន​ខាង​លើ ធ្វើ​អោយ​អ្នក​វិទ្យាសាស្ដ្រ​អាច​មាន​លទ្ធភាព​ធ្វើ​ការ​ទស្សន៍ទាយ​ដឹង​មុន ពី​ការ​គិត​របស់​ខួរ​ក្បាល​បាន។

ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ​ បាន​បង្ហាញ​ថា មនុស្ស​បាន​មក​ដល់​ចំនុច​យល់​ដឹង​មួយ​យ៉ាង​ច្រើន​ទាក់​ទង​នឹង​ ប្រព័ន្ធ​វ័យ​ឆ្លាត។ ហើយ​ឥលូវ​នេះ​ប្រសិន​បើ​អ្នក​មិន​បាន​ព្រួយ​បារម្ភ​ពី សង្គ្រាម​ដែល​អាច​កើត​មាន​រវាង​មនុស្ស​នឹងម៉ាស៊ីន​កាល​ពី​មុន​ទេនោះ ខ្មែរអាន យល់ថា​ឥលូវ​នេះ​អ្នកគួរ​តែ​ត្រៀម​ខ្លួន​ទុកមុន ព្រោះ​នាពេល​អនាគត ម៉ាស៊ីន​អាច​ដឹង​ចិត្ត​របស់​យើង​បាន​មុន​ថែម​ទៀត នេះ​បាន​ទើប​ជា​បញ្ហា។

ប្រភព៖ ចំណេះ