ការរៀបការជារឿងបំផុតសំខាន់ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ជាពិសេសគឺមនុស្សស្រីតែម្តង។ ដូចនេះអ្នកត្រូវតែគិតគូរឲ្យបានម៉ត់ចត់ និង សិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទទួលយកសំណើររៀបការជាមួយបុរសណាម្នាក់ ដើម្បីជៀសវាងរើសមនុស្សខុស នាំអសោចខ្លួន អាប់អោន ខូចបង់អនាគត់ ដោយសារតែមនុស្សប្រុសចោម្សៀតម្នាក់នោះ។
តើបុរសបែបណាទៅ ដែលអ្នកត្រូវជៀសវាងដាច់ខាត និងគួរកុំយកខ្លួនទៅពាក់ព័ន្ធជាមួយអោយសោះ?
អ្នកអាចពិនិត្យមើលបុរសទាំងនោះ លើចំនុចខាងក្រោមនេះ៖
១) បុរសដែលមានចិត្តចង្អៀតចង្អល់
មនុស្សប្រុសដែលតែងតែគាបសង្កត់អ្នក បំបិទសិទ្ធិសេរីភាពអ្នក អ្នកចង់ធ្វើអ្វីក៏មិនបាន ធ្វើឲ្យអ្នកបាត់បង់សេរីភាព រស់នៅដូចអ្នកទោស ។ គេធ្វើបែបនេះ មានន័យថាបង្ខាំងអ្នក មិនមែនជាក្តីស្រលាញ់នោះទេ។
២) បុរសដែលមិនផ្តល់តម្លៃលើវិន័យស្នេហា
ចំពោះចំណងក្តីស្នេហ៍តែងតែមានវិន័យ តែបុរសម្នាក់នេះដូចជាមើលរំលង មិនអោយតម្លៃលើវា ហើយតែងតែប្រឆាំងនឹងអ្នកស្ទើរតែគ្រប់ពេល។ បែបនេះគឺគេគ្មានការគោរព ចំពោះស្នេហារបស់អ្នកទេ។
៣) បុរសដែលក្បត់ពាក្យសន្យា
បើគេនៅតែព្យាយាមកុហកអ្នក ក្បត់ម្ដងហើយម្ដងទៀត អ្នកគួរតែបញ្ឈប់ទំនាក់ទំនងនេះទៅ ព្រោះទោះជាអ្នកព្យាយាមបន្តរទៅទៀតក៏គ្មានន័យអីដែរ។
៤) បុរសដែលចូលចិត្តរកលេសដោះសារ
ការដោះសាជាសញ្ញារបស់មនុស្សក្បត់ និងក្រឡេចក្រឡុច។ បុរសដែលមានស្នៀតតែងតែ ព្យាយាមរកលេស ដោះសារយកតែរួចខ្លួន។
៥) បុរសដែលហ៊ានប្រើកំលាំងវាយដំលើអ្នក
ការវារដំ ជាអំពើហិង្សាគួរឲ្យស្អប់ខ្ពើមបំផុត ជាពិសេសអំពើហិង្សាបុរសវាយស្ត្រី។ បើគេហ៊ានធ្វើដល់ថ្នាក់ហ្នឹងហើយ អ្នកគួរតែក្លាហានសុំគេបែកគ្នាតែម្ដងទៅ។ ត្រឹមតែជាសង្សារ គេហ៊ានវាយដំអ្នកប៉ុណ្ណឹង ចុះទម្រាំក្លាយជាប្ដីប្រពន្ធទៀត តើនឹងក្លាយជាយ៉ាងណាទៅ?
ប្រភព៖ Tapoos