ចិត្តនិងរាងកាយត្រូវតែរឹងមាំ

,

មនុស្សដែលទទួលជោគជ័យទាំងឡាយ សុទ្ធសឹងតែជាមនុស្សដែលមានកម្លាំងចិត្ត មិនធម្មតា។ ការបង្កើតកម្លាំងចិត្តនោះ អាចមា​នច្រើនវិធី តែចុងក្រោយត្រូវតែពឹងផ្អែក លើខ្លួនឯងដដែល តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធបានបង្រៀនថា “ខ្លួនទីពឹងខ្លួន”.

            មនុស្សយើងម្នាក់ៗតែងតែពិនិត្យមើលចិត្តខ្លួនឯងឲ្យបានគ្រប់ពេលវេលាថា ចិត្តរបស់យើងតាមប្រក្រតីយ៉ាងណាដែរ មិនទន់ជ្រាយ ឫមិនសប្បាយចិត្ត។ បើឃើញ ភាពមិនប្រក្រតី ត្រួវតែប្រញាប់បន្ថែមកម្លាំងចិត្តឲ្យបានច្រើនជាងមុន ដូចជាការព្យាបាលរោគ ចិត្តទន់ខ្សោយ ដោយព្យាយាមស្វែងរកកម្លាំងចិត្ត ពីអ្នកដែលក្បែរខ្លួន ប៉ាម៉ាក់ មនុស្សដែលយើងស្រលាញ់ កូនចៅ មិត្តភក្ដិជាដើម រួមទាំងកុំភ្លេចផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងផងដែរ។

          ក្រៅពីកម្លាំងចិត្តហើយនោះ ត្រូវមាន “កម្លាំងកាយ” ទៀត ចាត់ទុកថា វាសំខាន់មិនចាញ់គ្នាប៉ុន្មានដែរ។ បើចិត្តតស៊ូ តែកាយមិនតស៊ូក៏មិនមាន មធ្យោបាយឈានទៅដល់គោលដៅបានដែរ។ យើងគួរតែមើលថែរាងកាយ ដោយការហាត់ប្រាណឲ្យបានញឹកញាប់ ដើម្បីបណ្ដេញរោគសាហាវៗ ដែលចូលមកក្នុងកាយអ្នក។ ត្រួតពិនិត្យសុខភាពឲ្យបានមួយឆ្នាំម្ដង ដើម្បីមើលថែសុខភាពមិនឲ្យកើតមានសុខភាពខុសប្រក្រតី។

          ដោយសារតែសុខភាពខាងផ្លូវកាយទ្រុឌទ្រោម មិនបានផ្ដល់ផលអាក្រក់ ដល់រាងកាយតែម្យ៉ាងប៉ុណ្ណោះឡើយ នៅធ្វើឲ្យបុគ្គលិកលក្ខណៈរបស់អ្នកអាប់ឱនទៀតផង ព្រោះប្រហែលជាគ្មានអ្នកណាចង់រួមការងារ និងរស់នៅជាមួយអ្នកដែឡមានជំងឺជាប់ខ្លួនឡើយ។ ប្រាកដហើយ ដូច្នេះអ្នកគួរតែមើលថែសុខភាពរបស់អ្នកឲ្យរឺងមាំជាប្រចាំ ដើម្បីដឹកនាំជីវិតអ្នកទៅរកក្ដីស្រមៃដែលអ្នកដៅទុក។

          រឿងបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្ត តែងតែត្រូវបានមនុស្សចំនួនមើលរំលង ព្រោះគិតថាមិនមានអីទាក់ទងជាមួយភាពជោគជ័យ តែការពិតទៅចាត់ទុកថាជាអង្គប្រកប មួយសំខាន់មួយដែរ ដែលមិនគួរមើលរំលង។ សង្ឃឹមថាអ្នកក៏ប្ដូរគោលគំនិតនេះដូចគ្នាដែរ ដោយផ្ដល់សារៈសំខាន់ឲ្យវាខ្លាំងឡើង។