រូបភាព៖ Donald Trump
លោកអ្នកប្រាកដជាបានស្គាល់ពីប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិចគឺ លោក Donald Trump ខ្លះហើយតើពិតមែនទេ? គាត់មិនត្រឹមតែជាមនុស្សដែល ទទួលបានភាពជោគជ័យក្នុងជីវិតនយោបាយប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកក៏ជាបុគ្គលជោគជ័យក្នុងការធ្វើពាណិជ្ជកម្មមួយរូបផងដែរ។
ថ្ងៃនេះ ខ្មែរអាន សូមបង្វែរអារម្មណ៍មិត្តអ្នកអាន អោយមកយល់ដឹងពីយុទ្ធសាស្ដ្រជោគជ័យចំនួន ១០ ចំនុចរបស់គាត់ខាងក្រោមដូចតទៅ៖
ចំនុចទី ១ - កុំបោះបង់
ទោះជាមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ ដាច់ខាតអ្នកមិនត្រូវបោះបង់គោលដៅរបស់អ្នកចោលពាក់កណ្ដាលទីឡើយ។ ហើយប្រសិនបើអ្នកចង់បោះបង់ សូមសួរខ្លួនឯងថាមុននឹងមកដល់ចំនុចនេះបានតើអ្នកបានឆ្លងកាត់ឧបសគ្គអ្វីខ្លះ ហើយបើសិនជាត្រូវបោះបង់ចោលពិតមែន ហេតុអ្វីក៏មិនប្រឹងប្រែងធ្វើវាអោយបានល្អនៅថ្ងៃនេះអោយអស់ពីលទ្ធភាព រួចសឹមបោះបង់វានៅថ្ងៃក្រោយវិញទៅ នោះក៏វាមិនយឺតពេលដែរ។
ចំនុចទី ២ - ងប់ងល់នឹងអ្វីដែលអ្នកធ្វើ
ប្រសិនបើអ្នកស្រលាញ់អ្វីដែលអ្នកកំពុងធ្វើ អ្នកនឹងគ្មានអារម្មណ៍ថាអ្នកកំពុងតែធ្វើការនោះទេ។ ប្រសិនបើអ្នកគ្មានការងប់ងល់ជាមួយនឹងការងារ អ្នកនឹងឈប់ធ្វើការងារនោះ នៅពេលដែលអ្នកមានអារម្មណ៍ថាពិបាក ឬជួបនឹងបញ្ហា។
ចំនុចទី ៣ - ផ្ដោតការយកចិត្តទុកដាក់លើអ្វីដែលអ្នកធ្វើ
សួរសំណួរខ្លួនឯងថាអ្នកគួរតែធ្វើអ្វីនៅពេលនេះ? សំនួរនេះនឹងជួយរំញោចទៅខួរក្បាលរបស់អ្នក អោយងាកមកយកចិត្តទុកដាក់លើកិច្ចការដែលកំពុងមានសារៈសំខាន់ឡើងវិញ។ នៅក្នុងសម័យកាល ដែលអ្វីៗនៅជុំវិញខ្លួនរបស់យើង សុទ្ធតែត្រូវការ ការយកចិត្តទុកដាក់របស់យើងនេះ វិធីមួយនេះពិតជាពិសេសដែលអាចជួយដល់ស្មារតី របស់យើងអោយផ្ដោតតែលើរឿងមួយមុខក្នុងពេលតែមួយ។
ចំនុចទី ៤ - រក្សាសន្ទុះការងាររបស់អ្នក
ត្រូវធ្វើការស្ដាប់យោបល់អ្នកដទៃ យកវាមក Apply ក្នុងការងាររបស់អ្នកដែលអ្នកកំពុងធ្វើ ហើយរក្សាបន្តល្បឿនការងាររបស់អ្នកបន្តទៀត កុំខ្វល់ពីបញ្ហាផ្សេងទៀត។ ទោះជាមានអ្វីកើតឡើងក៏ដោយ ដាច់ខាតកុំអោយខួរក្បាលរបស់អ្នក មកបញ្ជាអ្នកអោយ បញ្ឈប់ដល់សន្ទុះការងាររបស់អ្នកបានអោយសោះ។
ចំនុចទី ៥ - គិតថាខ្លួនអ្នកជោគជ័យ
ត្រូវរៀនសួរសំណួរមួយដល់ខ្លួនឯង នៅពេលអ្នកជួបជាមួយនឹងបញ្ហានោះគឺ "បើសិនជាជួបបញ្ហាដូចជាអ្នក តើមនុស្សជោគជ័យដទៃទៀតគេដោះស្រាយដោយវិធីណា?"។ បន្ទាប់ពីអ្នកសួរខ្លួនឯងហើយ អ្នកត្រូវតែស្វែងរកចំលើយអោយឃើញ ហើយបើសិនជាអ្នក រកចំលើយឃើញហើយ ដាច់ខាតអ្នកត្រូវតែដោះស្រាយបញ្ហាទៅតាមចំលើយដែលអ្នករកឃើញដោយខ្លួនឯងនោះ។
ចំនុចទី ៦ - មានការតស៊ូ និង ប្រឹងប្រែង
ការតស៊ូប្រឹងប្រែងដោយមិនព្រមចុះចាញ់ អាចបង្កើតជារឿងអស្ចារ្យដែលគ្មាននរណា អាចដឹងមុនបាន។ នៅពេលដែលអ្នកសំលឹងឃើញលទ្ធផលនៃគោលដៅណាមួយហើយនោះ ដាច់ខាតត្រូវតែពុះពារអោយដល់ទីបំផុតដើម្បីគោលដៅមួយនោះ។
ចំនុចទី ៧ - ធ្វើការអោយសកម្មជាងអ្នកដទៃ
ពាក្យមួយឃ្លាដែលគេតែនិយាយថា "បើសិនជាអ្នកកាន់តែធ្វើការ អ្នកនឹងកាន់តែមានសំណាង" គឺពិតជាមានន័យត្រឹមត្រូវគ្រប់គ្រាន់។ ពីព្រោះមូលហេតុដែលមនុស្សមួយចំនួន មានសំណាងនោះគឺមកពីពួកគេបានធ្វើសកម្មភាព ណាមួយពីមុនមក ជាឧទាហរណ៍ ប្រសិនបើអ្នកមិនបានទិញសន្លឹកឆ្នោត អ្នកក៏ប្រហែលគ្មានភាគរយសោះនឹងឈ្នះឆ្នោតដែរ... (នេះគ្រាន់តែជា ឧទាហរណ៍ អ្នកមិនអាចជោគជ័យបាន ដោយពឹងតែលើសំណាងតែមួយមុខនោះទេ អ្វីៗត្រូវពឹង លើសកម្មភាព ការងាររបស់អ្នកផងដែរ)។
ចំនុចទី ៨ - ជឿជាក់លើខ្លួនឯង
ដាច់ខាតអ្នកត្រូវតែជៀជាក់លើខ្លួនឯង ព្រោះបើសូម្បីតែខ្លួនអ្នកមិនជឿជាក់លើខ្លួនឯងផងតើអ្នកអាចធ្វើអោយអ្នកផ្សេងជឿជាក់លើអ្នក យ៉ាងម៉េចបាន។ ត្រូវគិតថាខ្លួនអ្នក គឺជាទ័ពស្រួច និង ជាកងទ័ពមួយកងពលធំ។ អ្នកកើតមកតែម្នាក់ឯង ហើយពេលត្រូវស្លាប់ទៅវិញ ក៏ត្រូវស្លាប់តែម្នាក់ឯងដែរ។ ជោគជ័យស្ថិតនៅលើស្មារបស់អ្នក អ្នកគឺជាកងទ័ពរបស់ខ្លួនឯង ត្រូវដឹកនាំទ័ពនេះទៅកាន់សមរភូមិជោគជ័យ។
ចំនុចទី ៩ - ចេះសំលឹងមើល និងចេះឆក់យកឱកាស
ត្រូវរៀនសំលឹងមើលឱកាស និងត្រូវចេះឆក់យកឱកាស ពីព្រោះក្នុងលោកនេះគ្មានឱកាសណា ដែលអាចមើលឃើញដោយងាយ ហើយមានគេយកមកអោយដល់មុខផ្ទះរបស់អ្នកឡើយ អ្នកត្រូវតែរៀនស្វែងយល់ពីរឿងទាំងអស់នេះ ហើយទាញយកវាមកប្រើប្រាស់។
ចំនុចទី ១០ - ស្វែងរកដំណោះស្រាយ កុំខ្វល់ពីបញ្ហា
នៅពេលដែលអ្នកជួបនឹងបញ្ហា សូមអានចំនុចទី ១ ឡើងវិញ ដាច់ខាតអ្នកមិនត្រូវបោះបងចោលឡើយ។ ត្រូវចងចាំថារាល់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ រាល់បញ្ហាទាំងអស់សុទ្ធតែមានផ្លូវចេញ អ្នកត្រូវចាំថាគ្រប់ជ័យជំនះទាំងអស់ សុទ្ធតែត្រូវបាន រកឃើញពីបញ្ហាទាំងអស់៕
ប្រភព៖ Jomnes