ស្ពានអណ្តែតទឹកបណ្តោះអាសន្ននៅប្រាសាទអង្គរវត្តនឹងបង្ហាញរូបរាងនាពេលឆាប់ៗនេះហើយ!

,

រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

ស្ពានអណ្តែតទឹកបណ្តោះអាសន្នធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុងទឹកកសិន្ធុខាងត្បូងស្ពានហាលប្រាសាទអង្គរវត្ត នឹងដាក់ឱ្យដំណើរការប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។ ស្ពាននេះសាងសង់ឡើងដើម្បីបង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិពេលធ្វើដំណើរឆ្លងកាត់ទៅទស្សនាអង្គរវត្ត ខណៈស្ពានហាលអង្គរវត្តត្រូវបិទទាំងស្រុងដើម្បីទុកលទ្ធភាពឱ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាធ្វើការជួសជុលក្នុងគោលបំណងអភិរក្សស្ពានបុរាណនេះឱ្យបានល្អប្រសើរ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា លក្ខណៈពិសេសរបស់ស្ពានអណ្តែតទឹកបណ្តោះអាសន្នគឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេងចំនួន៦សម្រាប់ភ្ញៀវទេសចរឈរស្រូបយកខ្យល់អាកាសនិងថតរូបជាដើម។ ចំណែកផ្ទៃពោងជ័រអណ្តែតទឹកសរុបគឺ១៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧ម៉ែត្រxទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រការេអាចទ្របន្ទុកបានចំនួន២៧២គីឡូក្រាម ហើយបើសន្មត់មនុស្សម្នាក់មានទម្ងន់៨០គីឡូក្រាម ស្ពាននេះអាចទ្រមនុស្សសរុបចំនួន៦៣៧១នាក់ក្នុងពេលតែមួយ។ លោក ហេង គឹមឡេង បន្តទៀតថា ស្ពាននេះសិក្សាដោយអាជ្ញាធរជាតិអប្សរា ហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។

លោក វង្ស ចាន់វិបុល ប្រធានការដ្ឋានសាងសង់ស្ពានអណ្តែតទឹករបស់ក្រុមហ៊ុនកាំត្រង់ស៊ីប បានប្រាប់ថា សម្ភារៈនិងអ្នកជំនាញបច្ចេកទេសក្នុងការធ្វើស្ពានគឺយកពីប្រទេសកាណាដាទាំងអស់។ លក្ខណៈពិសេសរបស់ពោងអណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយអាចទ្រទ្រង់នឹងអាកាសធាតុបានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ ភ្លៀង និងធ្វើឱ្យទឹកប្រែពណ៌ ឬបង្ករជាសារធាតុពុលផ្សេងៗដល់ទឹកឡើយ។ លើសពីនោះទៅទៀត ពោងជ័រ Polyethylene មានលក្ខណៈគ្រើម ដែលមិនធ្វើឱ្យរអិល ហើយពោងនីមួយៗមានខ្យល់នៅខាងក្នុង ពេលណាកម្តៅឡើងខ្លាំងធ្វើឱ្យឧស្ម័នក្នុងពោងសាយភាយមកក្រៅ ដែលអាចរក្សាទ្រង់ទ្រាយនិងសីតុណ្ហភាពក្នុងពោងឱ្យនៅដដែល។

លោក ចាន់វិបុល បន្ថែមទៀតថា ក្នុងការតំឡើងនិងតភ្ជាប់ពោងពីមួយទៅមួយដើម្បីធ្វើស្ពាន គឺអ្នកជំនាញនៃក្រុមហ៊ុនកាំត្រង់ស៊ីប និងអ្នកជំនាញផលិតស្ពានមកពីប្រទេសកាណា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើបច្ចេកទេស ដែលធានាបាននូវភាពមាំ សុវត្ថិភាពខ្ពស់មិនអាចរបូតចេញពីគ្នាឡើយ។ មកដល់ពេលនេះក្រុមការងារបានតភ្ជាប់ពោងជ័រអណ្តែតទឹក រួមនឹងដាក់បង្កាន់ដៃស្ពានរួចរាល់ហើយ នៅសល់តែការភ្ជាប់ជណ្តើរឈើមកស្ពានលើទឹកតែប៉ុណ្ណោះ។ ក្នុងនោះដែរក្រុមការងារទាំងពីរ ក៏កំពុងសិក្សាពីវិធីសាស្ត្របន្ថែមទៀតក្នុងការទប់លំនឹងស្ពានកុំឱ្យយោលយោគឬរេចុះឡើងខណៈមានភ្ញៀវទេសចរឆ្លងកាត់ផងដែរ។

កំរងរូបភាពពី៖ អាជ្ញាធរជាតិអប្សរា

ដកស្រង់ពី៖ Apsara Authority  Page