សកលវិទ្យាល័យភូមិន្ទភ្នំពេញប្រារព្វពិធីខួបលើកទី៥៧ នៃការដំនើរការរបស់ខ្លួន

,

ជាកន្លែងដែលបានបង្កើតប្រវត្តិសាស្រ្តនៃការអប់រំថ្នាក់ឧត្តម ជាកន្លែងដែលបានបណ្តុះបណ្តាលបញ្ញាវ័នខ្មែរ ហើយក៏ជាកន្លែងដែលបានពន្រឹងឧត្តមភាពនៃការអប់រំ សកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាសកលវិទ្យាល័យមួយដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងឈានមុខគេមួយនៅកម្ពុជា។

សកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសកលវិទ្យាល័យមួយដែលបានចាប់ដំនើរការតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះដែលពេលនោះមានលោកបណ្ឌិត ភឹង តុង ដែលជាសកលវិទ្យាធិការទី១ របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ។ បើគិតមកទល់ពេលនេះសកលវិទ្យាល័យមួយនេះបានដំណើរការកសាងធនធានមនុស្សក្នុងប្រទេសកម្ពុជាអស់រយះពេល ៥៧ ឆ្នាំ រួចមកហើយ។

គួររំលឹកផងដែរថាក្នុងអំលុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម សកលវិទ្យាល័យបានបិទទ្វារឈប់ដំនើរការអស់រយះកាលជាច្រើនឆ្នាំ។​ បន្ទាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ទើបសកលវិទ្យាល័យបានចាប់ដំនើរការទ្បើងវិញ។

បើសង្កេតមើលនៅក្នុងបរិវេនសកលវិទ្យាល័យផ្ទាល់ ឃើញថាសកលវិទ្យាល័យមានការអភិវឌ្ឍឈានទ្បើងយ៉ាងខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងឃើញមានសមិទ្ធិផលធំៗមួយចំនួនបានរីកដុះដាលទ្បើងដូចជា ការសំអាតនិងការបង្កើតបរិវេនសកលវិទ្យាល័យយ៉ាងស្អាតនិងពោរពេញដោយសោភ័ណភាព ស្តាតបាល់ទាត់ដែលមានវិសាលភាពធំទូលាយ សួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។ លើសពីនេះទៅទៀត សកលវិទ្យាល័យក៏មានគំរោងអភិវឌ្ឍនិងកំពុងអភិវឌ្ឍបន្ថែមទៀតដូចជា អគារថ្មីដែលមានលក្ខណះស្តង់ដារ និងអាងហែលទឹកដ៏ស្រស់ស្អាតមួយទៀតផង។

ជាមួយនឹងការវិវឌ្ឍឈានទ្បើងអត់ឈប់ឈរនេះផងដែរ នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧ នេះខាងសកវិទ្យាល័យបានប្រារព្ធធ្វើពិធីរំលឹកខួបលើកទី ៥៧ និងពិធីសប្បុរសធម៏លើកទី៨។ នេះជាពិធីមួយដែលធ្វើទ្បើងដើម្បីរំលឹកពីរយះកាលនៃការដំនើរការរបស់សកលវិទ្យាល័យអស់រយះពេល ៥៧ ឆ្នាំមកនេះ។ ក្នុងពិធីនេះផងដែរក៏មានការបោះស្តង់លក់វត្ថុអនុស្សរីយ៍ផ្សេងៗ និងម្ហូបចំនី ដែលចូលរួមធ្វើដោយក្រុមនិសិត្សរបស់សកលវិទ្យាល័យ ហើយប្រាក់ដែលរកបាននឹងត្រូវយកទៅចូលរួមក្នុងពិធីសប្បុរសធម៏ក្នុងសង្គម។ អ្វីដែលរឹតតែពិសេសទៅទៀតនោះគឺ នាពេលល្ងាចក៏មានការប្រគុំតន្ត្រីមួយនៅសាល CKCC ដែលមានការចូលរួមពីសំណាក់តារាល្បីៗទៀតផង។

សូមមើលទាំងអស់គ្នាជាមួយវីដេអូដែលបង្ហាញអំពីសកលវិទ្យាល័យមួយនេះ៖

កំរងរូបភាពពី RUPP Page

អត្ថបទដោយ៖ មុន្នីរុទ្ធ