ធ្វើអ្វីល្អៗជាកាដូឲ្យខ្លួនឯង

,

ការធ្វើអ្វីល្អៗឲ្យខ្លួនឯង ចាប់ផ្ដើមបានដោយងាយៗគឺ

            ហ្វឹកហាត់ធ្វើជាអ្នកឲ្យ ការផ្ដល់ឲ្យមិនមែនមានន័យថា ការផ្ដល់លុយកាក់មាសប្រាក់ឡើយ ប៉ុន្ដែយើងអាចផ្ដល់ឲ្យគេជាការជួយជ្រោមជ្រែង ដែលមិនមែនជាតួមាសប្រាក់ ឫពាក្យណែនាំផ្សេងៗក៏បានដែរ។ ការផ្ដល់ឲ្យនឹងហ្វឹកហាត់ឲ្យយើងជាស្គាល់ការលះបង់មាន មានចិត្តទូលាយ មានមេត្តាករុណា ប្រោសប្រណី ប្រាថ្នាឲ្យអ្នកដទៃគេចឲ្យផុតពីទុក្ខសោក និងមានតែសេចក្ដីសុខជានិច្ច។

            សូមកុំភ្លេចឲ្យសោះ ការផ្ដល់ឲ្យធំធេងនោះ គឺការអភ័យទោស ព្រោះជាការផ្ដល់ឲ្យបានទាំង ២ ផ្លូវ គឺអ្នកឲ្យអភ័យកាត់បន្ថយភាពក្ដៅក្រហាយក្នុងចិត្ត ក្នុងខណៈដែលអ្នកទទួលការអភ័យទោស ក៏មានឱកាសសោកស្តាយនូវអ្វីដែលខ្លួនធ្វើហួស តែខ្លួនមកជាមនុស្សល្អ អ្វីដែលសំខាន់យើងអាចពង្រីកវប្បធម៌ល្អឲ្យគេឯងស្គាល់ផង។

            ហ្វឹកហាត់ការស្គាល់ភាពសមល្មម ព្រោះតែភាពមិនលោភលន់ធ្វើឲ្យយើងរស់នៅយ៉ាង សមល្មម និងមិនខ្វះខាត មិនខ្ជះខ្ជាយពេករហូតដល់មិនបំផ្លាញខ្លួនឯង។ ភាពសមល្មម មិនលោភលន់ពេក ក្រោយពីអ្នកបានប្រាក់កាសហើយនោះ ថែមទាំងបង្រៀនយើងឲ្យប្រើប្រាស់ ធនធានដែលយើងមាននោះឲ្យសមល្មមទៀតផង ប្រើឲ្យមានតម្លៃ មិនប៉ះពាល់ដល់ធម្មជាតិ និងបរិយាកាសជុំវិញ។

            និយាយពីរោះស្ដាប់ចូលត្រចៀក  ពាក្យថា “អរគុណ​” នៅពេលដែលអ្នកណាមានមេត្រីភាព និងធ្វើអ្វីល្អដល់យើង និងពាក្យថា “សុំទោស” នៅពេលដែលធ្វើល្អចំពោះអ្នកដទៃឫធ្វើអ្វីខុសឆ្គង ពាក្យពីម៉ាត់នេះ អាចធ្វើឲ្យមនុស្សជុំវិញយើងកោតសរសើរ និងគោរពស្រលាញ់។

            ញញឹម មនុស្សមួយចំនួន “កម្រញញឹមណាស់ ពិបាកញញឹមបែបនឹង គ្មានពីណាគេចង់នៅក្បែរនោះទេ មិនចង់និយាយស្ដីជាមួយ។ ដូច្នេះការហ្វឹកហ្វាត់ញញឹម និងអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយកុំភ្លេចថា “មុខមាត់ជាទ្វានៃជីវិតបើចិត្តមានទុក្ខ នោះមុខមាត់ប្រាកដជាក្រញ៉ូវមួហ្មង ប្រឹងញញឹមក៏ពិបាកដែរ តែបើយើងមានមុខមាត់ស្រស់ស្រាយប្រិមប្រិយ តែងតែអូសទាញមិត្តភក្ដិទាំងពួងឲ្យ ស្រលាញ់ចូលចិត្ត ចង់នៅក្បែរ។ ញញឹមច្រើន មានមិត្តច្រើន នឹងមានមនុស្សជួយជ្រោមជ្រែងយើងកាន់តែច្រើន។

            សាកល្បងធ្វើអ្វីល្អៗទាំងនេះឲ្យខ្លួនឯងមើលទៅ នេះជាកាដូពិសេសដែលគួរតែប្រគល់ ឲ្យជីវិតខ្លួនឯង ការផ្លាស់ប្ដូរខ្លួនឯងជាផ្នែកខាងក្នុង ឈានទៅរកខាងក្រៅ ហើយអ្នកនឹងបានវត្តុទាំងនោះត្រលប់បកវិញដោយសារខ្លួនឯង។