គោលការណ៍ទាំង៧យ៉ាង បញ្ឈប់ចិត្តក្រោធខឹង

,

មានពាក្យស្លោកមួយបានពោលថា “ខឹងខូច ខឹងខាត”

មនុស្សយើងម្នាក់ៗតែងតែដឹងហើយថា ការខឹងសម្បានោះមិនមែនជាការល្អ ព្រោះការខឹងនោះមាន តែធ្វើបាបខ្លួនឯងនិងអ្នកដទៃ ទោះបីជាការយល់ច្បាស់ដល់ថ្នាក់នេះក៏ដោយក៏អារម្មណ៍នៅតែទប់ មិនបានដដែល នៅពេលដែលមានអ្នកណាធ្វើអ្វីមិនត្រូវចិត្ត ឫគិតមិនដូចខ្លួន។

            តើយើងធ្វើយ៉ាងណា ដើម្បីរំងាប់អារម្មណ៍ខឹងបាននោះ?

            តើគួរធ្វើយ៉ាងណាឲ្យបញ្ហាធ្ងន់នោះក្លាយជាបញ្ហាស្រាលវិញបាន?

            តើធ្វើយ៉ាងណាការពារកុំឲ្យបញ្ហាតូចតាចក្លាយទៅជាបញ្ហាធ្ងន់ធ្ងររហូតដល់ពិបាកដោះស្រាយ?

            ក្នុងផ្លូវព្រះពុទ្ធសាសនាបានកំណត់នូវគោលការណ៍បដិបត្តិ៧ប្រការ ដើម្បីរំងាប់អារម្មណ៍ខឹងសម្បា ដូចតទៅនេះគឺ៖

តាំងសតិ

នៅពេលដែលមានហេតុការណ៍មួយកើតឡើងប៉ះពាល់ ត្រូវតែចេះរំងាប់អារម្មណ៍ អត់ធ្មត់នៅពេលដែលត្រូវប្រឈមមុខនឹងហេតុការណ៍នោះ។

នៅពេលដឹងខ្លួនថាខឹង សូមដាស់សតិឲ្យដឹងភ្លាម

សូមឲ្យផ្លាស់ប្ដូរការចាប់អារម្មណ៍ គេចវេសមិនខ្វល់ពីបញ្ហានោះ បើអាចទៅរួច គួរតែផ្លាស់ប្ដូរខ្លួនឯង ចៀសឲ្យផុតពីបរិយាកាសនៃកំហឹងដែលបានកើតឡើង ដើម្បីកាត់ផ្ដាច់កំហឹងដែលនឹងចូលមករុករានខ្លួនបាន។

សូមឲ្យគិតជានិច្ចថា កំហឹងជាសត្រូវដល់សាហាវបំផុតដែលនឹងចូលមកបំផ្លាញ

មនុស្សដែលឆាប់ឆាវ ឆាប់ខឹង អារម្មណ៍គ្រោតគ្រាតជាប់ជានិច្ចគ្រប់ពេល នឹងមានមុខមាត់ក្រញ៉ូវ មិនស្រស់ស្រាយ មិនមានអ្នកណាស្រលាញ់ចូលចិត្ត មានតែមនុស្សចង់គេចឲ្យផុតពីខ្លួន។

បើយើង ជាមនុស្សឆាប់ខឹងឆាប់ឆេវឆាវលឿន គឺមានន័យថា អ្នកចូលចិត្តបំផ្លាញបុគ្គលិកលក្ខណៈរបស់ខ្លួនឯង។

សូមផ្សាយមេត្តាឲ្យដល់មនុស្សដែលខឹងយើង

សូមឲ្យនឹកដល់ចិត្តគេចិត្តយើង ហេតុអ្វីក៏គេធ្វើបែបហ្នឹង សូមឲ្យយល់ពីធម្មជាត់របស់មនុស្ស មានទាំងមនុស្សល្អនិងមនុស្សអាក្រក់​ មិនមានអ្នកណាបូរិបូរណ៍ទាំងអស់នោះឡើយ សូមឲ្យគិតថា គេខឹងព្រោះតែគេមានទុក្ខដែលត្រូវការរំសាយ គេរកអ្នកជួយរំសាយគេមិនបាន។

ដាស់តឿនខ្លួនឯងជានិច្ចថា កុំខឹងតបទៅគេវិញ

ព្រោះបើយើងខឹងតបទៅគេវិញ ប្រៀបបានដូចជាយើងយកអារម្មណ៍ទៅទំលាក់ក្នុងរណ្ដៅនៃអគតិផង នោះមានន័យថាយើងកំពុងពង្រីករឿងរ៉ាវ ឫបញ្ហានោះឲ្យកាន់តែធំទៅ‌ៗ កាន់តែខឹងកាន់តែខូចខាត ប្រៀបបាននឹងពន្លឺដែលចាំងមកកញ្ចក់ធ្លុះ ហើយចាំងបំផ្លាតទៅវិញគ្មានពេលឈប់ឈរ។

នៅឲ្យឆ្ងាយ និងចៀសឲ្យផុតពីមនុស្សពូកែខឹង

ការដែលយើងនៅក្បែរមនុស្សខឹងប្រៀបបានដូចជាយើងឈរនៅក្បែរភ្នាក់ភ្លើង ដែលតែងតែដុតយើងឲ្យក្ដៅគ្រប់ពេលវេលា និងធ្វើឲ្យយើងស៊ាំក្លាយជាមនុស្សពូកែឆាប់ខឹងដូចគេនោះដែរ។

កុំចែកបក្សពួក

នៅក្នុងពិភពលោកយើងតែងមានមនុស្សរួមសុខទុក្ខ មនុស្សបានឈ្មោះថាជាសត្វវិសេស មិនមានជីវិតផ្សេងណាមកអាចប្រៀបបាន។ មនុស្សជាសត្វរបស់សង្គមដែលមានការរស់នៅរួមគ្នា ដើម្បីភាពសប្បាយរីករាយ មិនមែនរស់ដើម្បីបំផ្លាញ មិនមែនកើតមកដើម្បីសម្លាប់គ្នា ហើយនេះជាគោលបំណងរបស់មនុស្សដែលមានតម្លៃ។