ប្រវត្តិនៃការបង្កើតទ្បើងនៃមន្ទីពេទ្យគន្ធបុប្ផា

,

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង៣០នាទី។ ព្រះអង្គគឺជាព្រះធីតាអង្គទី៨ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី។

ព្រះរាជធីតា នរោត្ដម គន្ធបុប្ផា តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិតជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិន្ទ្រជិតព្រះអង្គជាប់ជាដរាបមក។ ដោយទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការឃ្លាតពីព្រះអង្គយូរទេ។

ព្រះមហាក្សត្រិយ៍ទ្រង់ពេញព្រះរាជហឫទ័យ និងព្រះរាជធិតាព្រះអង្គនេះណាស់ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែកខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗមិនចាំបាច់ព្រះវររាជបិតាមាតា ឬភីលៀងថែរក្សាមានព្រះបន្ទូល ឬនិយាយបញ្ចេះក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពារដ៏រមទម្យថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតាម្ចាស់ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។

ហេតុតែទ្រង់មានសុខភាពពុំសូវបរិបូណ៌ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ច្រើនប្រឈួនព្រះទាហរោគ (គ្រុនក្ដៅព្រះអង្គ) តាំងពីដើមមក។ យូរៗម្ដងតែមុនៗពេទ្យអាចព្យាបាលបំបាតរោគនេះ ថ្វាយជាស្រឡះបាន។ លុះព្រះជន្មាយុចូលអំឡុង ៥ព្រះវស្សា ទ្រង់ក៏ចាប់ប្រឈួនព្រះរោគដដែលនេះជាខ្លាំងជាងមុន ហួសកម្លាំងពេទ្យនឹងថ្វាយឱសថទប់ទល់បាន ប្រឈួនបានតែ ៧ថ្ងៃ ទ្រង់សុគតនៅក្នុងថ្ងៃជាគម្រប់៨ គឺនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស.១៩៥២ វេលាម៉ោង២ និង៤៥នាទី។

ក្នុងពេលប្រឈួននេះ ព្រះករុណាជាអម្ចាស់ជីវិត សម្ដេចព្រះបរមរាជបិតា សម្ដេចព្រះវររាជជននីនាថ ទ្រង់បានខំប្រឹងអស់ទំហឹង រកពេទ្យហ្មគ្រប់ទិសតំបន់ឲ្យមកជួយព្យាបាល។ ទ្រង់បានជ្រាបថាពេទ្យហ្មណាពូកែទោះជិតឆ្ងាយក៏ត្រាស់ឲ្យទៅយកមកជួយព្យាបាលត្រាតែបានភ្លាម។

ការសុគតនៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណាជាអម្ចាស់ជីវិតជាព្រះរាជបិតាទ្រង់មានសេចក្ដីសោកស្ដាយជាទីបំផុត នឹងយកអ្វីមកប្រៀបស្មើគ្មាន ព្រះជាព្រះរាជធិតាពេញព្រះរាជហឫទ័យណាស់។ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ជំទាវខុនណាងក្នុងព្រះរាជធានីទាំងប៉ុន្មាន ក៏មានសេចក្ដីសោកស្ដាយសម្ដែងសេចក្ដីអាឡោះអាល័យចំពោះព្រះរាជធិតាអង្គនេះ។

ដោយកុសលចរិយានៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណាជាអម្ចាស់ជីវិតបានត្រាស់បង្គាប់ឲ្យសង់មេរុថ្វាយព្រះភ្លើងយ៉ាងអិកធឹក ឲ្យបានថ្កើងរុងរឿងជាព្រះកិត្តិយស ធ្វើទក្ខិណានុប្បទានសព្វគ្រប់ដរាបដល់ការបោះពុម្ពសៀវភៅធម៌ ចែកប្រទានជាធម្មពលី ដែលមានផលខ្ពស់វិសេសជាងទានដទៃ ឧទ្ទិសកុសលចំពោះដល់ព្រះរាជធីតា។

បន្ទាប់ពីព្រះរាជពិធីថ្វាយព្រះភ្លើងនាថ្ងៃទី៤ ខែមករា គ.ស.១៩៥៣ មក ព្រះបរមអដ្ឋិនៃព្រះអង្គម្ចាស់ក្សត្រីយ៍ត្រូវបានតម្កល់ក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយដែលត្រូវបានសាងឡើងក្នុងបរិវេណព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំងចតុម្មុខមង្គលផងដែរ។

ក្រោយមកនៅពេលដែលព្រះវររាជបិតាបានចូលព្រះសុវណ្ណគតនា គ.ស.២០១២ ព្រះបរមអដ្ឋិរបស់ទ្រង់ក៏ត្រូវបានបញ្ចុះនៅក្នុងព្រះចេតិយរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍តាមព្រះរាជបណ្ដាំ កាលពីខែកក្កដា គ.ស.២០១៤។

ដើម្បីឧទ្ទិសដល់ព្រះរាជធីតា ព្រះវររាជបិតាទ្រង់ក៏បានត្រាស់បង្គាប់ឲ្យសាងសង់មន្ទីរពេទ្យមួយឡើងដោយដាក់ឈ្មោះថាមន្ទីរពេទ្យគន្ធបុប្ផាទី១ និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣ ដែលនៅខណៈនោះព្រះអង្គជាព្រះប្រមុខរដ្ឋ។

មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានកសាងឡើងវិញ និងបើកឲ្យដំណើការនៅឆ្នាំ១៩៩១ ដើម្បីផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលមិនមានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺ។ នៅក្រោយមកទៀត ព្រះអង្គក៏បានបរិច្ចាគដីមួយផ្នែកឯព្រះបរមរាជវាំងនៅក្បែរព្រះចេតិយព្រះអង្គម្ចាស់ក្សត្រីយ៍ ជូនលោក បណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសាងសង់មន្ទីរពេទ្យគន្ធបុប្ផាទី២ នៅឆ្នាំ១៩៩៥ និងដើម្បីជាគុណប្រយោជន៍ព្យាបាលកុមារក្រីក្របានយ៉ាងច្រើនសែននាក់ទូទាំងព្រះនគរ៕

ប្រភព៖​ Appliker