ចង់ដឹងថាអ្នកជាអ្នកសិក្សាប្រភេទណា! ចូរអានអត្ថបទនេះ!

,

យោងតាមសំណេររបស់អាទ្បាដាំង(Ahladang)បានអោយដឹងថាអ្នកសិក្សារត្រូវបានចែកជា៨ជំពូក។ ហើយជំពូកនិមួយៗមានវិធីសាស្រ្តនៃការសិក្សាររបស់គេរៀងៗខ្លួន។ ខាងក្រោមនេះជាវិធីសាស្ត្រនៃការសិក្សារទាំង៨នោះ៖

១. សិក្សាតាមភាសាវិទ្យា (The Linguistic Learner)

មនុស្សដែល សិក្សាតាមភាសាវិទ្យាគឺជាអ្នកដែលរៀនបានតាមរយៈជំនាញភាសា រួមមានការអានការសរសេរ ការស្តាប់ ឬការនិយាយស្តី។

ពេលខ្លះ អ្នកដែលរៀនតាមភាសាវិទ្យានេះក៏អាចប្រើប្រាស់វក្នុងពេលតែមួយក្នុងការសិក្សាពីអ្វីមួយបានដែរ។ ឧទាហរណ៍ ប្រសិនជាពួកគេចង់សិក្សាពីអ្វីដែលថ្មី ពួកគេអាចប្រើប្រាស់វិធីសាស្រ្តអំណាន។ ពោលគឺអានអ្វីដែលគេចង់សិក្សា បន្ទាប់មកស្តាប់ខ្សែអាត់សម្លេង ឬក៏មានវីឌីអូដែលពាក់ព័ន្ធ និងធ្វើការកត់ត្រាព័ត៌មានដែលពួកគេទទួលបាននោះ។ ជាចុងក្រោយ ពួកគេអាចចែករំលែងអ្វីដែលគេបានរកឃើញទៅកាន់អ្នកដ៏ទៃតាមរយៈការនិយាយ ឬក៏អាចប្រហែលជាតាមរយៈការសរសេរជាដើម។

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេប្រសិនបើអ្នកឃើញគ្រូបង្រៀន និងសាស្រ្តាចារ្យជ្រើសរើសវិធីនេះដើម្បីសិក្សាអ្វីមួយ ព្រោះនជគឺជាវិជ្ជាជីវៈរបស់ពួកគាត់។

២. អ្នករៀនតាមបែបធម្មជាតិ (The Naturalist)

អ្នករៀនតាមបែបធម្មជាតិគឺសម្ដៅទៅលើអ្នកដែលរៀនតាមរយៈការងារ បទពិសោធន៍ និងបរិយាកាសជុំវិញខ្លួន។
វាស្ដាប់មើលទៅដូចជាការសិក្សារបស់អ្នកវិទ្យាសាស្ត្រខ្លាំងណាស់។ អ្នកវិទ្យាសាស្ត្រចូលចិត្តបទពិសោធន៍ អង្គេតបរិយាកាសដែលនៅជុំវិញខ្លួន និងចាប់យកព័ត៌ ឬក៏ចំណេះដឹងទាំងនោះតែម្ដង។

៣. អ្នកសិក្សាតាមចំរៀង ឬចង្វាក់ភ្លេង (The Musical or Rhythmic Learner)

អ្នកដែលរៀនប្រភេទនេះគឺជាអ្នកដែលសិក្សាដោយប្រើប្រាស់បទភ្លេង ឬចង្វាក់ភ្លេង។

មនុស្សប្រភេទនេះចូលចិត្តបញ្ចេញសម្លេងហួច ម្រាមដៃ និងម្រាមជើងមានភាពរស់រវើក ចូលចិត្តគោះវត្ថុនានាធ្វើជាចង្វាក់ភ្លេង និងចូលចិត្តស្តាប់តន្ត្រីជាដើម។ សម្រាប់មនុស្សប្រភេទនេះ តន្ត្រីមិនមែនជាការរំខានទៅដល់ដំណើរការសិក្សារបស់ពួកគេនោះទេ។ ផ្ទុយមកវិញ វាជំនួយអោយការសិក្សារបស់ពួកគេមានភាពងាយស្រួលទៅវិញ។

៤. សិក្សាតាមរយៈចលនាវិញ្ញាណ (The Kinesthetic Learner)

អ្នកដែលសិក្សាតាមរយៈចលនាវិញ្ញាណជាមនុស្សតាមរយៈការធ្វើអោយខ្លួនគេផ្ទាល់ភ្ជាប់ខ្លួនទៅនឹងសកម្មភាពដោយផ្ទាល់ដើម្បីសិក្សា។ បើយោងតាមគេហទំព័រ FamilyEducation.com ការងារមនុស្សប្រភេទនេះជាទូទៅមានដូចជាផ្នែកសិល្បៈ រោងចក្រ(កម្មន្តសាលកម្ម) ផ្នែកព្យាបាលរាងកាយ រាំ ការសម្ដែង កសិកម្ម ជាងឈើ វះកាត់ និងអ្នកធ្វើគ្រឿងអលង្ការជាដើម។ ការងារទាំងអស់នេះសុទ្ធសឹងតែធ្វើដោយដៃផ្ទាល់។

៥. អ្នកសិក្សាតាមរយៈចក្ខុវិញ្ញាណ (The Visual or Spatial Learner)

មនុស្សប្រភេទនេះគឺមានភាពងាយស្រួលក្នុងការសិក្សាប្រសិនបើពួកគេមានជំនួយចក្ខុវិញ្ញាណដើម្បីបង្ហាញផ្លូវពីរបៀបនៃដំណើរការសិក្សា។ មនុស្សដែលសិក្សាតាមរយៈក្រាភិច ឬរូបភាពអាចចាត់ទុកថាជាអ្នកសិក្សាតាមយរៈចក្ខុវិញ្ញាណនេះហើយ។ ហើយជាទូទៅ មនុស្សជំពូកនេះពូកែផ្នែកបច្ចកវិទ្យា ដូចជាវិស្វករកំព្យូទ័រ ឬអ្នកកម្មវិធីកំព្យូទ័រជាដើម។

៦. អ្នកសិក្សាតាមរយៈហេតុនិងផល ឬសិក្សាគណិតវិទ្យា (The Logical or Mathematical Learner)

សិស្សប្រភេទនេះចូលចិត្តបែងចែករបស់ ឬព័ត៌មានទៅតាមថ្នាក់ៗ ឬជាប្រភេទនានា។

ពួកគេមានទំនោរស្វែងយល់អំពីទំនាក់ទំនងឬលក្ខណៈនៃហេតុការអ្វីមួយ លេខនិងសមីការ។ ពួកគេទាំងនេះអាចក្លាយទៅជាវិស្វករ អ្នកវិទ្យាសាស្រ្ត គណិតវិទូ និងជាអ្នកដែលមានវិជ្ជាជីវៈបច្ចេកទេសផ្សេងៗទៀត។

៧. សិក្សាតាមរយៈទំនាក់ទំនងរវាងអន្តរបុគ្គល (The Interpersonal Learner)

អ្នករៀនប្រភេទនេះគឺជាមនុស្សដែលសិក្សាដោយការទាក់ទងទៅនឹងអ្នកដទៃ។

ជាទូទៅ មនុស្សទាំងនេះតែងតែចែករំលែករឿងរ៉ាវនានា ពូកែធ្វើការជាក្រុម ហើយប្រៀបធៀបគំនិតរបស់ពួកគេទៅនឹងគំនិតរបស់អ្នកដទៃ។ ជាធម្មជាតិ ពួកគេប៉ិនប្រសប់ក្នុងការដឹកនាំក្រុម។ មនុស្សទាំងនេះតែងតែជួបប្រទះនៅក្នុងវិស័យនានានៃចិត្តសាស្ត្រ ឬវិទ្យាសាស្រ្តសង្គម។

៨. សិក្សាតាមរយៈបុគ្គលផ្ទាល់ខ្លួន (The Intrapersonal Learner)

សិស្សប្រភេទនេះមានរៀនមានប្រសិទ្ធិភាពបំផុតនៅពេលដែលពួកគេនៅតែម្នាក់ឯង។

ពួកគេបានកំណត់គោលដៅស្ទើរតែហួសពីសមត្ថភាពរបស់ពួកគេ ប៉ុន្តែពួកគេអាចជំនះអ្វីគ្រប់យ៉ាងដើម្បីឈានទៅដល់គោលដៅរបស់ពួកគេ។ ពួកគេមានទឹកចិត្តក្នុងការធ្វើអ្វីមួយដោយសារតែការជំរុញទឹកចិត្តពីកត្តាខាងក្នុងខ្លួនគាត់ ជាជាងមានការជំរុញទឹកចិត្តពីកត្តាខាងក្រៅខ្លួន (មិត្តភក្ដិ គ្រួសារ…)។ មនុស្សទាំងនេះភាគច្រើនធ្វើការក្នុងផ្នែកដែលមានការច្នៃប្រឌិត ក្លាយជាសហគ្រិន ឬម្ចាស់អាជីវកម្មខ្នាតតូច។ ប៉ុន្តែពួកគេមិនចូលចិត្តធ្វើការងារណាដែលស្ថិតការត្រួតត្រាដោយផ្ទាល់នោះទេ៕