Samsung ប្រកាសឲ្យអ្នកប្រើប្រាស់ Note 7 ទាំងអស់បិទទូរស័ព្ទចោលនិងបញ្ឈប់នូវការប្រើប្រាស់ទៀត

,

ក្រុមហ៊ុន Samsung ទើបបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១១ តុលានេះ ទាក់ទិននឹងស្មាតហ្វូន Samsung Galaxy Note 7 ទើបប្តូរថ្មី។ ចាប់តាំងពីសប្តាហ៍មុនមក យ៉ាងហោចណាស់មាន Note 7 ចំនួន 6 គ្រឿង បានជួបហេតុការណ៍ផ្ទុះថ្ម ដោយក្នុងនោះរួមបញ្ចូលនូវហេតុការណ៍ថតជាប់ក្នុងវីដេអូ ដែលបានកើតឡើងនៅក្នុងហាង Burger King ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ដោយចាត់ទុកថាជាម៉ូដែលមានសុវត្ថិភាពដោយសារតែបំពាក់ជាមួយប្រភេទថ្មដែលមិនធ្លាប់កើតបញ្ហានោះ ឥឡូវនេះNote 7 ប្តូរថ្មី ត្រូវបានគេជឿជាក់ថា ពិតជាអាចបង្កគ្រោះថ្នាក់ដូចគ្នានឹងម៉ូដែលមុនៗយ៉ាងប្រាកដ។

Samsung បានប្រាប់ទៅកាន់អតិថិជនទាំងអស់ដែលកំពុងប្រើ Galaxy Note 7 ទាំងម៉ូដែលចាស់ និងម៉ូដែលប្តូរថ្មី ឱ្យបិទទូរស័ព្ទចោលឱ្យបានឆាប់ និងជៀសវាងនូវការប្រើប្រាស់តទៅទៀត។ ក្រុមហ៊ុនក៏បានប្រាប់ទៅកាន់ហាងលក់រាយដែលជាដៃគូនៅទូទាំងពិភពលោក ដោយក្នុងនោះរួមបញ្ចូលទាំងក្រុមហ៊ុនបណ្តាញទូរស័ព្ទផងនោះ ឱ្យបញ្ឈប់នូវការប្តូរជូន Note 7 ថ្មី។ ជាងនេះទៅទៀត Samsung ក៏បានបញ្ជាទៅដល់គ្រប់ដៃគូទាំងអស់នៅទូទាំងពិភពលោក កុំឱ្យបន្តលក់ស្មាតហ្វូនម៉ូដែលនេះទៅកាន់អតិថិជនទៀត។

ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយថា ខ្លួនកំពុងសហការជាមួយភ្នាក់ងារច្បាប់ ដើម្បីស៊ើបអង្កេតទៅលើហេតុការណ៍ផ្ទុះនាពេលថ្មីៗនេះ ដោយក្នុងនោះរួមបញ្ចូលនូវហេតុការណ៍កើតឡើងកាលពីថ្ងៃពុធនៅក្នុងយន្តហោះ Southwest Airlines ដែលប្រុងចេញដំណើរពីក្រុង Louisville ទៅកាន់ Baltimore។

យោងតាមសេចក្តីប្រកាស Samsung បានថ្លែងឱ្យដឹងថា “យើងកំពុងសហការជាមួយអង្គភាពផ្នែកច្បាប់ដែលពាក់ព័ន្ធទាំងអស់ ដើម្បីស៊ើបអង្កេតទៅលើករណីដែលបានរាយការណ៍ឡើងនាពេលថ្មីៗនេះ ទាក់ទិននឹង Galaxy Note 7។ ដោយសារសុវត្ថិភាពរបស់អ្នកប្រើប្រាស់នៅតែជាអាទិភាពចម្បងសម្រាប់យើង Samsung នឹងស្នើសុំទៅដល់គ្រប់ក្រុមហ៊ុនបណ្តាញទូរស័ព្ទ និងដៃគូលក់រាយទូទាំងពិភពលោក ឱ្យបញ្ឈប់នូវការលក់ និងការប្តូរ Galaxy Note 7 ថ្មី ខណៈដែលការស៊ើបអង្កេត កំពុងត្រូវបានធ្វើឡើង។

យើងនៅតែប្តេជ្ញាធ្វើការយ៉ាងសស្រាក់សស្រាំជាមួយអាជ្ញាធរផ្នែកច្បាប់ទាំងអស់ ដើម្បីអនុវត្តនូវវិធានការណ៍ចាំបាច់សម្រាប់ដោះស្រាយបញ្ហាទាំងនេះ។ អតិថិជនទាំងអស់ ដែលកំពុងប្រើប្រាស់ Galaxy Note 7 ទាំងម៉ូដែលចាស់ និងម៉ូដែលទើបប្តូរថ្មី សូមធ្វើការបិទទូរស័ព្ទចោល ហើយបញ្ឈប់នូវការប្រើប្រាស់វា និងរង់ចាំទទួលនូវការប៉ះប៉ូវដែលផ្តល់ជូនដោយក្រុមហ៊ុន”។

ប្រភព៖ phonearena