បាត់ដំបង៖ និស្សិតស្រីម្នាក់ងើបពីដំណេកនៅវេលាម៉ោង០៣ និង៤០នាទីទៀបភ្លឺថ្ងៃទី០៨កញ្ញា នេះ ដោយនាងបានប្រាប់ឪពុកថា មានគេបបូលនាងទៅហាត់ប្រាណ តែការពិតនោះ នាងទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានឧត្តរះ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
នារីរងគ្រោះឈ្មោះឌិន ស៊ីណាត ហៅមុំ អាយុ២១ឆ្នាំ ជានិស្សិតសាលកវិទ្យាល័យមួយ មានទីលំនៅក្នុងភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ក្រោយពីនារីរងគ្រោះលោតទឹកសម្លាប់ខ្លួន ត្រូវសាច់ញាតិ និងពលរដ្ឋ ចុះរាវរកសាកសពនាងឃើញនៅវេលាម៉ោង០៧ និង៥០នាទីព្រឹកថ្ងៃដដែល ចម្ងាយពីកន្លែងកើតហេតុប្រហែល៤០ម៉ែត្រ ។
នាងធ្លាប់មានជំងឺសរសៃប្រសាទ ដោយមួយរយៈនេះធ្វើទុក្ខនាងជាញឹកញាប់ ។ នៅមុនពេលកើតហេតុនាងប្រាប់ឪពុកថា មានគេបបួល និងចាំនាងនៅកន្លែងហាត់ប្រាណ ។ លុះនាងចេញទៅបាត់មួយសន្ទុះ ស្រាប់តែឮថា នាងលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ។
ទោះបីជាយ៉ាងណា មតិនានាលើកឡើងថា សមត្ថកិច្ចគួរតែបើកការស៊ើបអង្កេតលើករណីនេះ ក្រែងមិនមែនជាករណីលោតទឹកសម្លាប់ខ្លួន ព្រោះបើតាមសាក្សីនៅក្បែរស្ពានគេឮសំឡេងនាងស្រែកហៅឪពុកឱ្យជួយ បន្ទាប់មកក៏ឮសំឡេងធ្លាក់ទឹកតែម្ដង ។
ប្រភព៖ បាត់ដំបង