ផ្កាយរណបរបស់ Facebook ឆេះខ្ទេច មុនគម្រោងបង្ហោះ (មានវីដេអូ)

,

ទស្សនាវីដេអូ៖

រូបភាពដ៏មិនគួរឲ្យជឿបានបង្ហាញពីគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាស SpaceX ផ្ទុះខ្ទេច ហើយវាក៏បានបំផ្លាញផ្កាយរណបរបស់ក្រុមហ៊ុន Facebook មួយគ្រឿង ដែលមានតម្លៃ ២០០លានដុល្លារអាមេរិក នៅក្នុងនោះទៅជាមួយគ្នាផងដែរ។ 

កាលពីម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាស SpaceX មួយគ្រឿង បានផ្ទុះខ្ទេចខ្ទីគ្មានសល់ នៅក្នុងមូលដ្ឋានបង្ហោះ Cape Canaveral ស្ថិតក្នុងរដ្ឋ Florida ដែលគ្រោងនឹងបង្ហោះចូលលំហអវកាសនៅថ្ងៃសៅរ៍ខាងមុខនេះ។

នៅក្នុងគ្រាប់រ៉ុក្កែតមួយនេះ មានផ្ទុកផ្កាយរណបមួយគ្រឿង ដែលប្រើប្រាស់ដោយក្រុមហ៊ុន Facebook ដើម្បីនាំយកអ៊ិនធើណេតទៅកាន់ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប។

ក្រោយការផ្ទុះនេះ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានសម្តែងការខកចិត្ត និងសោកស្តាយជាខ្លាំង ដោយលោកបានសរសេរសារមួយថា លោកពិតជាខកចិត្តជាខ្លាំង នៅពេលដែលបានឮដំណឹងថា ការបង្ហោះគ្រាប់រុក្កែតរបស់ក្រុមហ៊ុនអវកាស SpaceX ត្រូវបរាជ័យ ព្រមទាំងបានបំផ្លាញផ្កាយរណបរបស់យើង។ លោកបន្ថែមថា ផ្កាយរណបរបស់យើង​ នឹងជួយផ្តល់ទំនាក់ទំនងដល់សហគ្រិន និងមនុស្សគ្រប់គ្នា នៅទូទាំងទ្វីបខាងលើ។

លោក Mark Zuckerberg បញ្ជាក់ថា លោកមានបច្ចេកវិទ្យាផ្សេងទៀ តដើម្បីជួយភ្ជាប់ទំនាក់ទំនងមនុស្ស។ «យើងនឹងបន្តធ្វើការខិតខំប្រឹងប្រែងបន្ថែមទៀត រហូតដល់មនុស្សគ្រប់គ្នា មានឱកាសទទួលបានទំនាក់ទំនង ពីផ្កាយរណបរបស់យើង» លោកបន្ថែម៕ 

ប្រភព៖ Money